
ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប រួមជាមួយសហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប និងសាខាកាកបាទក្រហមខេត្ត បានរៀបចំពិធីសំណេះសំណាល់សួរសុខទុក្ខ រៀបចំម្ហូប អាហារ និងផ្តល់អំណោយដល់កុមារគថ្លង់ និងកុមារពិការភ្នែកខេត្តសៀមរាប ក្នុងគោលបំណងគាំទ្រ និង លើកទឹកចិត្តពួកគេ ឱ្យរស់នៅក្នុងជីវិតមានន័យក្នុងសង្គមជាតិ។
ពិធីនេះបានប្រារព្ធធ្វើឡើង នៅវិទ្យាល័យអប់រំពិសេសសៀមរាប( សាលាកុមារគ ថ្លង់ និងកុមារពិការភ្នែក ខេត្តសៀមរាប )នាព្រឹកថ្ងៃទី០៨ខែមីនាឆ្នាំ២០២១ គឺជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោមវត្តមានសៀង ណាំ អ្នកតំណាង រាស្ត្រមណ្ឌលសៀមរាប លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោក-លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តនិង ថ្នាក់ដឹកនាំសហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប សាខាកាកបាទក្រហមខេត្តអញ្ជើញចូលរួមផងដែរ។
តាមរបាយការណ៍របស់លោកស្រី ហុង ធារី នាយិកាវិទ្យាល័យ អប់រំពិសេសសៀមរាប បានអោយដឹងថា វិទ្យាល័យអប់រំពិសេសសៀមរាប(សាលាគថ្លង់ និងកុមារពិការភ្នែកខេត្តសៀមរាប ) បង្កើតឡើងនៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០០០ ដែលមានទីតាំងនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោមកិច្ចសហការរវាងអង្គការគ្រួសារថ្មី និងក្រសួងអប់រំយុវជននិងកីឡា ដោយសាលាបានទទួលបង្រៀន និងអប់រំ តែកុមារពិការពីរប្រភេទប៉ុណ្ណោះឱ្យចូលរៀន គឺកុមារគថ្លង់ និងកុមារពិការភ្នែក។ នៅចុងឆ្នាំ២០១៧ អង្គការគ្រួសារថ្មីបានផ្ទេរសាលាអោយស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ហើយ ក្រសួងអប់រំក៍បានប្តូរឈ្មោះសាលាទៅជា វិទ្យាល័យអប់រំពិសេស សៀមរាប ហើយសិស្សគថ្លង់ និងសិស្សពិការភ្នែករៀន តាមកម្មវិធីរបស់ក្រសួងអប់រំ ដោយបកប្រែពីសៀវភៅសិក្សា គោលគ្រប់មុខវិជ្ជា ជាភាសាសញ្ញាខ្មែរសម្រាប់បង្រៀនសិស្សថ្លង់ និងអក្សរប្រៃយ៍សម្រាប់បង្រៀនសិស្សពិការភ្នែក ហើយរៀនពេញមួយថ្ងៃ។
លោកស្រី ហុង ធារី បានអោយដឹងថា វិទ្យាល័យអប់រំពិសេសសៀមរាប មានអគារចំនួន១២ខ្នងសម្រាប់ថ្នាក់រៀនផង និងសម្រាប់សិស្សមកពីឆ្ងាយៗស្នាក់នៅដើម្បីរៀនសូត្រផងដែរ ។
លោក ទៀ សីហា បានមានប្រសាសន៍ថា ថ្ងៃនេះជាខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩»។ ប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីតម្លៃនិងតួនាទីស្រ្តី ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិ នៅគ្រប់កាលៈទេសៈ ហើយរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចក្លាហានរបស់កុមារី ដើម្បីអាចឱ្យពួកគេក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិស្ដីពី សមភាពយេនឌ័រ សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងការលើកកម្ពស់ និងបញ្ជ្រាបយេនឌ័រ នៅតាមស្ថាប័ន។
លោក ទៀ សីហា ក៏បានមានប្រសាសន៍ណែនាំ និងក្រើន រម្លឹក ដល់ក្មួយៗកុមារគថ្លង់ និងពិការភ្នែកក្នុងមណ្ឌលទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និង ស្តាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងចាក ចេញ ឱ្យ ឆ្ងាយពីគ្រឿងញៀន។
លោកថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំខេត្ត រួមនិងថ្នាក់ដឹកនាំ ក្រុមគ្រួសារ សហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប តែងតែយកថ្ងៃសិទ្ធិនារីអន្តរជាតិ ៨ មីនា អញ្ជើញមកជួបសំណេះសំណាល់ សួរសុខទុក្ខ រៀបចំអាហារ ចែកអំណោយដល់កុមារគថ្លង់ កុមារពិការភ្នែក លោកគ្រូ អ្នកគ្រូ និងបុគ្គល រួមនិងការកសាងនូវសមិទ្ធិផលជាច្រើនទៀតហើយ សម្រាប់ការរីកចម្រើន និងការឧបត្ថម្ភ គាំទ្រ ដូចជាការកសាងអគារ និងការឧត្ថម្ភផ្សេងៗមួយចំនួន គឺមានការជួយជ្រោមជ្រែង ពីសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវផងដែរ៕SRP

