ខេត្តត្បូងឃ្មុំ៖មានការលើកឡើងថាគយនិងរដ្ឋាករដូង បានគាបយកលុយពីអាជីវករខ្មែរ ដែលបានដឹកផ្លែស្វាយ ទៅលក់នៅប្រទេសវៀតណាម តាមតែអំពើចិត្ត ករណីនេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមអាជីវករ។
ប្រភពពីអាជីវករបានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីគយនិងរដ្ឋាករដូង«ហៅដូង៧ដើម»ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម បានតម្រូវឲ្យពួកគាត់បង់លុយយ៉ាងច្រើន ជាថ្នូរនិងការអនុញ្ញាតឱ្យដឹកទំនិញចេញចូលពីវៀតណាម មកខ្មែរនិងពីខ្មែរទៅវៀតណាម តាមច្រកទ្វារព្រំដែនមួយនេះ ដោយមិនមានការចេញវិក្កយបត្រ នោះទេ។
ក្រុមអាជីវករបានបន្តថាការដឹកផ្លែស្វាយកែវរមៀត ទៅលក់នៅវៀតណាម តាមច្រកទ្វារព្រំដែនដូង៧ដើម ពិតជាពិបាករកស៊ីណាស់ ដោយមិនសូវបានចំណេញទេ ព្រោះផ្លែស្វាយធ្លាក់ថ្លៃខ្លាំង ចាប់តាំងពី១គីឡូក្រាម ១ពាន់រៀលចុះមកនៅត្រឹម២រយរៀលប៉ុណ្ណោះ។ ពួកគាត់ថាផ្លែស្វាយធ្លាក់ថ្លៃ ជាបន្ទុកមួយទៅហើយសម្រាប់កសិករនិងពួកខ្លួនជាអាជីវករ អ្នកដឹកជញ្ជូន ប៉ុន្តែអ្វីដែលកាន់តែលំបាកនោះ គឺមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង គាបយកលុយពីពួកខ្លួនគ្មានបន្ធូរដៃនោះឡើយ។ ដោយរថយន្តប្រភេទភ្លៅបីដឹកផ្លែស្វាយ១ឡាន ត្រូវបានមន្ត្រីគយ កំណត់យកលុយពីខ្លួនចំនួន៣២ម៉ឺន.រថយន្តចំណុះ៥តោន១ឡាន ត្រូវបង់ឱ្យគយចំនួន២៥ម៉ឺនរៀល .រថយន្តចំណុះ២តោនកន្លះ ត្រូវបង់ចំនួន១៦ម៉ឺនជាកំហិត ដោយមន្ត្រីគយថា យកលុយទាំងនេះ ទៅចែកគ្នាជាមួយ.ស្នាក់ការនិងនគរបាលការពារព្រំដែន ពុំមែនយកតែមួយស្ថាប័នរបស់ខ្លួននោះទេ។
ចំណែកអាជីវករ ដឹកដំឡូងមី ទៅលក់ឱ្យឈ្មួញវៀតណាម ដឹក១ឡាន បង់លុយឱ្យមន្ត្រីគយដូងចំនួន១២៥.០០០រៀល យ៉ាងទៀងទាត់ ប៉ុន្តែមន្ត្រីនៅទីនោះ មិនយកលុយពីពួកខ្លួនផ្ទាល់ដៃឡើយ ដោយតម្រូវឱ្យមេការជាអ្នកកំណត់យកលុយ ពោលគឺមន្ត្រីប្រើយុទ្ធសាស្ត្រ ខ្ចីដៃមេការប្រើ ទើបអាចបន្តដំណើរឆ្លងដែន ទៅលក់ដំឡូង ឱ្យឈ្មួញវៀតណាមបាន។
បើតាមអាជីវករបានលើកឡើងថា ក្នុងមួយថ្ងៃៗ មានរថយន្តដឹកដំឡូងមី ចាប់ពី២០០ឡាន ទៅ៣០០ឯណោះ ដែលត្រូវឆ្លងកាត់តាម«ច្រកទ្វារព្រំដែនទ្វេភាគីដារ(ហៅគយដូង៧ដើម)»ដើម្បីយកដំឡូងមី ទៅលក់ឱ្យឈ្មួញវៀតណាម ដូច្នោះគយអាចរកលុយបានរាប់រយលានរៀលក្នុងមួយថ្ងៃៗ។
ដោយឡែកថយន្តដឹកទំនិញគ្រឿងជ័រ ឬទំនិញចាបហួយពីវៀតណាម មកលក់នៅខ្មែរ ត្រូវបានមន្ត្រីគយតម្រូវឲ្យបានបង់លុយជាប្រចាំខែ ទើបអាចរកស៊ីដឹកទំនិញបាននៅច្រកមួយនេះ។ ករណីតាមរយ:«បណ្ដាញសៀមរាបប៉ុស្ដិ៍» ក្រុមអាជីវករ សុំសំណូមពរដល់សួងពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលគយនិងរដ្ឋាករដូងផង ពួកគាត់មានការលំបាកខ្លាំងណាស់។
ជុំវិញការចោទប្រកាន់នេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីការិយាល័យគយនិងរដ្ឋាករដូង នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

