អាជ្ញាធររួមគ្នា អប់រំផ្សព្វផ្សាយ បញ្ឈប់ការកាយយកអាចម៍ដី ពីទំនប់ព្រែកបុរាណ

ខេត្តសៀមរាប៖លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងសហការី និងមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន បានប្រជុំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ប្រកបអាជីវកម្មដុតឥដ្ឋ និងក្បឿង បញ្ឈប់ការកាយ យកអាចម៍ដី ពីទំនប់ព្រែក។

កិច្ចប្រជុំធ្វើនៅសាលាឃុំដានរុន ស្រុកសូទ្រនិគម នាថ្ងៃទី០៤ ខែមីនា ម្សិលមិញ ក្នុងគោលបំណងអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចំនួន១១គ្រួសារ មានអាជីវកម្ម ដុតឥដ្ឋនៅលើខ្នងទំនប់ព្រែកស្រមោច ឬហៅថាផ្លូវសំពៅ ដែលជាទំនប់បុរាណ មានប្រភពពីជើងភ្នំគូលែន ដល់បឹងទន្លេសាប ដើម្បីសុំកុំឲ្យមានការជីកកាយ យកអាចម៍ដី ពីខ្នងទំនប់បន្តទៀត។

លោក គឹម សុធិន លើកឡើងថា ដើម្បីចូលរួមថែរក្សាកេរដំណែល របស់ដូនតា ក៏ដូចជាសម្បត្តិបេតិកភណ្ឌជាតិ សូមបងប្អូនអាជីវករផលិតឥដ្ឋនិងក្បឿង អាចប្រើប្រាស់ទីតាំងរបស់ខ្លួន ដូចដើម ប៉ុន្តែត្រូវយកអាចម៍ដី ពីកន្លែងផ្សេងមកធ្វើ ចៀសវាងការខូចខាត ឬធ្វើឲ្យបាត់បង់ស្លាកស្នាមប្រវត្តិសាស្រ្ត។ លោក ក៏បានស្នើសុំឲ្យជួយថែរក្សាបុរាណដ្ឋានមួយចំនួនផ្សេងៗទៀត មានដូចជាប្រាសាទ បឹងបុរាណ ទួលបុរាណ សម្រាប់កូនចៅជំនាន់ក្រោយ។

សូមជម្រាបថា ព្រែកជីកខាងលើនេះ មានប្រភពពីជើងភ្នំគូលែន រហូតដល់បឹងទន្លេសាប។ ថ្វីត្បិតសព្វថ្ងៃបានបាត់ដានខ្លះៗនៅជិតភ្នំ ប៉ុន្តែផ្នែកខាងក្រោម មានដានកាន់តែច្បាស់មានទឹកប្រើប្រាស់ជាព្រែកនៅឡើយ។ កាលពីសម័យបុរាណ ព្រែកជីកនេះមានតួនាទីសំខាន់ ក្រៅពីផ្តល់ទឹកសម្រាប់កសិកម្ម ដល់សហគមន៍ ជុំវិញ គឺជាផ្លូវដឹកជញ្ជួនថ្ម ពីភ្នំគូលែន មកតំបន់អង្គរ និងសម្រាប់ធ្វើជំនួញផងដែរ។ល៕SRPអត្ថបទ និងរូបភាព៖ លោក យី សុថា