សែនកុងម៉ា មិនពន្លត់ភ្លើងទៀន ឆេះលេបត្របាក់អស់ផ្ទះ១ខ្នង

ខេត្តកំពង់ចាម៖លំនៅឋាន​១ខ្នង​ រួមជាមួយ​នឹង​ទ្រព្យសម្បត្តិ​ ក្នុងផ្ទះ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់ ខណៈ​ម្ចាស់​ផ្ទះ​រៀបចំ​សែន​កុងម៉ា​ ក្នុងឱកាសចូលឆ្នាំចិនថ្ងៃទី១ ហើយ​បិទទ្វារ​ ទៅលេងផ្ទះដន្លង នៅភូមិផ្សេង ដោយ​មិន​បាន​ ពន្លត់ភ្លើងទៀន។ ​​

ហេតុការណ៍​នេះ​ បានកេីតមានឡើងកាលពីវេលាម៉ោង២និង៣០នាទី ​រសៀល​ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅ​ក្នុង​ភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​មានឈ្មោះ សួង រដ្ឋា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅ​ក្នុង​ភូមិ​កេីតហេតុ​ខាង​លើ​។
ករណីនេះ បណ្ដាលឲ្យផ្ទះទំហំ ៦ម៉ត្រ × ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា ថ្មក្រោម​ ឆេះ​អស់​ទាំងស្រុង​ រួម​នឹង​ទ្រព្យសម្បត្តិ​ មានដូចជា ទូរទស្សន៍០២គ្រឿង ស្រូវ១០បេ ប្រាក់៣០០ដុល្លា ខ្សែរកមាស៥ជី កង់ដៃ២១ធ្វើពីផ្លាកទីន និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ចំពោះ​មូលហេតុ ម្ចាស់ផ្ទះសែនរួច បិតទ្វារ ទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ដោយ​មិនបានពន្លត់ភ្លើងទៀននៅលើហ៊ឹងកុងម៉ា។

គួរ​បញ្ជាក់​ថា​ ក្នុងកិច្ចប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ស្នងការ ឯម កុសល បានបញ្ជាអោយរថយន្ដពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ០១គ្រឿង នឹងរថយន្តរបស់នគរបាលស្រុកចំការលើមួយគ្រឿង ចុះជួយអន្ដរាគមន៍ ដោយប្រើប្រាស់ទឹកអស់០៤រថយន្ដ៕SRP