អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ជួបពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្តសៀមរាប

ខេត្តសៀមរាប៖អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា នៅរសៀល ថ្ងៃសុក្រ ទី២៩ ខែមករា ម្សិលមិញ បាន ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តសៀមរាប។

កិច្ចពិភាក្សានេះ ធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត នឹងលោកស្រី មេឡូនី លីនប៊ិក តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា។

តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា លោកស្រី មេឡូនី លីនប៊ិក បានរាយការណ៍អំពីផែនការ និងសកម្មភាពរបស់ខ្លួនដូចខាងក្រោម ៖

១.អង្គការមូលនិធិអាស៊ី ជាស្ថាប័នមិនគិតប្រាក់ចំណូល ដែលមានមូលដ្ឋានគ្រឹះនៅសហរដ្ឋ-អាមេរិក ដោយធ្វើការលើការងារសង្គមកិច្ច តួយ៉ាង វិស័យអប់រំ ការប្រឆាំងអំពើហឹង្សាលើស្ត្រី ការពង្រឹងអភិបាលកិច្ចល្អ និងការគាំទ្រលើកិច្ចការបរិស្ថាន តាំងពីឆ្នាំ១៩៥៥ ដល់បច្ចុប្បន្ន។

២.អង្គការមូលនិធិអាស៊ី បាននិងកំពុងរៀបចំគម្រោងផ្នែកបច្ចេកវិទ្យាសម្រាប់ការគាំទ្រលើកិច្ចការស្ត្រី ដោយនិងសហការផ្សព្វផ្សាយនៅគ្រឹះស្ថានសិក្សានានា។

៣.អង្គការមូលនិធិអាស៊ី បាននិងកំពុងរៀបចំគម្រោងគ្រប់គ្រងទិន្នន័យសម្រាមក្នុងខេត្តសៀមរាប តាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទូរស័ព្ទ (App) ដែលប្រជាជនអាចប្រើប្រាស់បច្ចេកទេសនេះបាន ដូចជា ការផ្តល់ព័ត៌មានចោលសម្រាម ការបង់ថ្លៃសេវា។ល។ អង្គការមូលនិធិអាស៊ី បានចុះ អនុស្សរណៈជាមួយក្រុងសៀមរាប កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០​ ដែលនឹងអនុវត្តគម្រោងនេះ ក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិក និងមានរយៈពេល ៣ឆ្នាំសម្រាប់ការអនុវត្តគម្រោង។

៤.គម្រោងការគ្រប់គ្រងទិន្នន័យសម្រាមនេះ នឹងត្រូវអនុវត្តជាជំហាន ដោយការសិក្សាបឋម ត្រូវចែកជា ៣ផ្នែកជាមុនសិន មុនឈានសម្រេចកំណត់យកជម្រើសណាក្នុងចំណោម៣ ដូចជា ការរៀបចំប្រព័ន្ធគ្រប់គ្រងក្នុងទូស័រព្ទ ការផ្តល់ធុងសម្រាមដល់ប្រជាជន និងការផ្សព្វផ្សាយ និងអប់រំក្នុងសហគមន៍ចំនួន ១៣សហគមន៍ក្នុងក្រុងសៀមរាប។

៥.អង្គការមូលនិធិ នឹងផ្តល់សៀវភៅអប់រំផ្សេងៗដល់ខេត្តសៀមរាបនៅឆ្នាំ២០២២ ទោះបីក្នុងរយៈពេលកន្លងមក មូលនិធិនេះ បានឧបត្ថម្ភដល់ប្រទេសកម្ពុជាចំនួន ១លានក្បាលរួចមកហើយ។

ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ាន់ ភិរុណ បានគាំទ្រ និងស្នើដល់អង្គការមូលនិធិដូចខាងក្រោម៖

១.រដ្ឋបាលខេត្ត គាំទ្រចំពោះគំនិតផ្តួចផ្តើមលើគម្រោងបច្ចេកវិទ្យាលើកិច្ចការបរិស្ថានតាមរយៈ ការគ្រប់គ្រង់សម្រាមនេះ ដោយស្នើឱ្យមូលនិធិជំរុញការសិក្សាគម្រោងឱ្យបានលឿនផងដែរ។

២.រដ្ឋបាលខេត្ត គាំទ្រចំពោះកិច្ចការគំាពារស្ត្រី និងអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ដោយស្នើអង្គការមូលនិធិអាស៊ី ជួយគាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើកិច្ចការនេះ។

៣.ស្នើអង្គការមូលនិធិអាស៊ី ជួយបណ្តុះបណ្តាលដល់មន្ត្រីជំនាញក្នុងមន្ទីរអប់រំ ក្នុងផែនការយុទ្ធសាស្ត្រ និងផែនការថវិកាវិស័យអប់រំ។

៤.រដ្ឋបាលខេត្ត ស្នើអង្គការមូលនិធិអាស៊ី ជួយកសាងបណ្ណាល័យនៅសាលារៀនក្នុងភូមិសាស្រ្តខេត្តសៀមរាប៕SRP