អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំ ត្រួតពិនិត្យ ប្លង់កែលម្អ ផ្លូវស៉ីវត្ថា

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមករា ម្សិលមិញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីគម្រោងប្លង់ កែលម្អ ផ្លូវស៊ីវុត្ថា ក្រុងសៀមរាប ដោយមានការចូលរួមពីក្រុមពាក់ព័ន្ធ ផងដែរ។

ក្នុងកិច្ចប្រជុំ លោកទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកផ្លូវស៉ីវត្ថា ចាប់ពីស្តុបសុខាអង្គរ រហូតដល់វត្តចក ត្រូវបានធ្វើការកែសម្រួល ប្រព័ន្ធលូក្រោមដី រួចមក ត្រូវបានក្រុមការងារ បច្ចេកទេស ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើការសាងសង់ និងជួសជុលកំណាត់ផ្លូវនេះ ឡើងវិញ ឱ្យស្របតាមប្លង់បច្ចេកទេស ដែលបានគ្រោងទុក។ ម្យ៉ាងទៀត ការកែលម្អ ផ្លូវនេះ នឹងធ្វើឱ្យ ក្រុងសៀមរាបកាន់តែមានសោភ័ណភាព ស្រស់ស្អាត និងងាយស្រួល ដល់ចរាចរណ៍ បន្ថែមមួយកម្រិតទៀត ពិសេសគឺការកាត់បន្ថយ ការកកស្ទះ ទៀតផង។

អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះ លោក វង្ស ពិសិដ្ឋ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ និងដឹកនាំទីប្រឹក្សាបច្ចេកទេសធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីធ្វើបទបង្ហាញ ស្តីពីគម្រោងប្លង់ កែលម្អ ផ្លូវស៊ីវុត្ថានេះ៕SRP