
ខេត្តសៀមរាប៖នារីជាជនជាតិចិនម្នាក់ បានលោតពីលើអគារ បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានគេជួយសង្គ្រោះដឹកយកមកមន្ទីរពេទ្យ តែជាអកុសលបានស្លាប់នៅតាមផ្លូវ។
យោងតាមរបាយការណ៍ប៉ូលិសអន្តោប្រវេសន៍បានឲ្យដឹងថា នៅវេលាម៉ោង០៨និង១០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នេះ ជនបរទេសម្នាក់បានស្លាប់ពេលកំពុងបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ។
ជនរងគ្រោះឈ្មោះ LI YI ភេទស្រី កើតថ្ងៃទី១១-១២-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EJ១៤៨៧១៥០ មុខរបរ បុគ្គលិកចុងភៅ សណ្ឋាគារអូរស្មាច់ មានទីតាំងស្ថិតនៅភូមិ អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តាមការសាកសួរឈ្មោះ ZHANG FENGBO ភេទប្រុស កើតថ្ងៃទី០៥-១២-១៩៩២ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEC១២១៧៩៥៣ ជាមិត្តប្រុស បានឲ្យដឹងថា ពួកគេទាំងពីរនាក់ស្នាក់នៅបន្ទប់លេខ២៣០៥ សណ្ឋាគារអូរស្មាច់។ លុះនៅវេលាម៉ោងប្រហែល០២ៈ០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥-១២-២០២០ ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់វេលាម៉ោង០៥ៈ០០នាទីព្រឹក ឈ្មោះLI YI ក៏បានលោតពីលើអគារជាន់ទីពីរ ចុះមកក្រោមបណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យសំរោង និងបន្តបញ្ជូនមកមន្ទីរពេទ្យខេត្តសៀមរាប តែដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់នៅលើរថយន្តក្នុងពេលធ្វើដំណើរមកដល់ចំនុចភូមិ ពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រឹទ្ធី គ្រូពេទ្យអមតុលាការបានសនិដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ ទ្រុតលលាដ៏ក្បាល(ធ្លាក់ទីខ្ពស់)។សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

