ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

0

ខេត្តកំពង់ចាម​៖ស្ពានឆ្លងកាត់ ទន្លេមេគង្គ ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម​ និង​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ គ្រោងនឹងការតភ្ជាប់
ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ក្រោមវត្ត នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សូមជម្រាបថា នៅព្រឹកមិញនេះ
លោក​ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រូមនឹងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា​ជា​លេីក​ទី​២​ ដេីម្បី​ត្រៀមផែនការបែងចែកភារកិច្ចរៀបចំពិធី តភ្ជាប់
ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ នេះ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ​លោក​​ ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ។

គួររំលឹកថា ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​នេះ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៨​ ក្រោមអធិបតី​ភាព​សម្តេច​ហ៊ុន សែន។ ស្ពាននេះមានប្រវែងសរុប ១១៣១ ម និង ទទឹង​១៣,៥០ ម ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ ប្រជាមានិតចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​ កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​យុទ្ធភ័ណ្ឌ​ មិនទាន់ផ្ទុះ។ គម្រោង​ស្ពាននេះ​ ត្រូវបាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​គ្រុប (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស ក្វាង​ចូវវ៉ានអាន។ តាម​គម្រោង​ការ​ស្ថាបនា​នេះ នឹងត្រូវ​ចំណាយ​រយៈពេល​ចំនួន ៤២​ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែលគ្រោង​បញ្ចប់​ការសាងសង់​នៅដើមឆ្នាំ២០២១​ខាងមុខ។

គួរកត់​សម្គាល់​ថា កន្លងមក​ ប្រជាពលរដ្ឋ ទាំងនៅត្រើយខាងកើត និងត្រើយ​ខាងលិច អាច​ធ្វើដំណើរ និង​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក​ ​តាម​រយៈ​ការ​ជិះ​ទូកដ ឬសាឡាង​ចម្លង​កែច្នៃ​តូចៗ ដែល​ពួកគាត់តែង​តែជួប​នូវការ​លំបាក គ្រោះថ្នាក់ និង​មិនសូវ​មាន​ប្រសិទ្ធភាព ក្នុងការ​ដឹកជញ្ជូន​ទំនិញ។ បន្ទាប់​ពី​ការ​សាងសង់​ត្រូវ​បាន​បញ្ចប់​ស្ពាន​នេះ​នឹងបង្កលក្ខណៈប្រសើរ បន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ​ ផងដែរ​៕SRP