ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍ វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ ថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូយ៉ាងច្បាស់លាស់ពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ ប្រទេសជាតិ និងសង្គមរបស់យើង។
ថ្លែងយ៉ាងដូច្នេះក្នុងឱកាសប្រារព្ធទិវាជាតិអាហារូបត្ថម្ភ លើកទី៧ ក្រោមប្រធានបទ ”ការពង្រឹងប្រព័ន្ឋស្បៀង ដើម្បីរបបអាហារសុខភាព” នៅសាលប្រជុំ សាលាខេត្តកំពង់ចាម នៅពីថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញ។
លោក យឹម ឆៃលី ក៏បានអំពាវនាវ ដល់គ្រប់ស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវពង្រឹងពង្រីក យុទ្ឋនាការ អប់រំផ្សព្វផ្សាយ ទិវាជាតិអាហា រូបត្ថម្ភ ដើម្បី ឲ្យប្រជាពលរដ្ឋ ឲ្យចូលរួម ផលិតគ្រប់មុខដំណាំ ជាលក្ខណៈគ្រួសារ និងសហគមន៏ សាលារៀន វត្តអារាម។ ជម្រុញការចិញ្ចឹមសត្វឲ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព។ បង្កើនការការពារ និងអភិរក្ស ធនធាន ជលផល ព្រមទាំងជម្រុញ ការអភិវឌ្ឍវារីវប្បកម្ម និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ បរិភោគអាហារធម្មជាតិចម្រុះ ដែលសម្បូរសារធាតុចិញ្ចឹម ដើម្បីទទួលបានអាហារូបត្ថម្ភល្អ និងមានសុខភាពល្អផងដែរ។
ក្នុងឱកាសនោះដែរ លោក វេង
សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៏ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ ទំនើប កម្មកសិកម្ម ក្នុងនោះ ក្រសួងកសិកម្ម ត្រូវប្រឹងប្រែង ក្នុងការពង្រឹង សន្តិសុខស្បៀង ដោយបានដាក់ចេញនូវយុទ្ឋសាស្ត្រនានា ដើម្បីបង្កើនការផលិតស្បៀង ដែលក្នុងឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជា ផលិត ស្រូវបានជាង១០លានតោន និងសល់ស្រូវប្រមាណ៥លានតោន សម្រាប់ការនាំចេញ។ ជាមួយនោះ ក្រសួងកសិកម្ម ក៏បានជម្រុញការ ផលិតបន្លែសុវត្ថិភាព និងការចិញ្ចឹមសត្វផងដែរ។
ក្នុងពិធី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់កម្មករ-កម្មការិនី ទទួលបាន នូវអត្ថប្រយោជន៍ ពីគោលនយោបាយ គាំពារសង្គម គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្មការិនីដែលសម្រាលកូន មានចំនួន៤.៣៦១នាក់ ដោយក្នុងនោះបានទទួលថវិកា គោលនយោបាយ ចំនួន៤.២៤៨នាក់ និងកំពុងរៀបចំឯកសារ ទទួលបន្ថែមទៀត បើគិតចាប់ពីពេលដំណើរការ អនុវត្តគោលនយោបាយ គាំពាសង្គម ក្នុងឆ្នាំ២០១៨ មកទល់ពេលនេះ មានកម្មការិនី សម្រាលកូន សរុបចំនួន១៥.៩៦៦នាក់៕SRP

