ខេត្តសៀមរាប៖មន្ទីរធនធានទឹកខេត្តសៀមរាប បានចេញសេចក្ដីណែនាំ ប្រាប់ដល់ប្រជាកសិករ ត្រូវធ្វើស្រូវប្រាំង បានតែមួយដង ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរធនធានទឹក និងឧតុនិយម ដែល «បណ្ដាញសៀមរាបប៉ុស្ដិ៍» ទើបទទួលបាននៅព្រឹកថ្ងៃ សៅរ៍ ទី២១ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ។
មន្ទីរធនធានទឹកខេត្តសៀមរាបបានឲ្យដឹងថា យោងតាមការព្យាករណ៍ ក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ ២០២០នេះ ព្រះ រាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតផ្សេងៗ ដោយបង្ក អោយមានកត្តាអវិជ្ជមានជាច្រើន ដូចជាធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង របាយទឹកភ្លៀងមានភាពរអាក់ អួលមិនស្មើគ្នា ពិសេសរបបទឹកទន្លេមេគង្គ និងទន្លេសាបមានការប្រែប្រួលខ្លាំង មានកំរិតទាបបំផុត ដែលមិនធ្លាប់ ជួបប្រទះក្នុងរយៈពេលកន្លងមក ដែលបណ្តាលអោយទឹកមិនបានជន់លិចក្នុងអាងទឹកទំនប់៧៨ នៅប៉ែកខាងក្រោម មានកំរិតទាប។
យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមធ្វើការណែនាំដូច ខាងក្រោម៖
១. ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០២០. ២០២១នេះ ធ្វើបានតែ ១ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើ ស្រូវលើកទី២បានទេ បើទោះជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុកកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ ដោយ គូគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវ។
២.មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សូមចូលរួមចាត់វិធានការថែរក្សាទឹកទុកអោយបាន ល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕SRP

