ភ្នំពេញ៖លោកដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះសារមួយនៅលើទំព័រផេកហ្វេសប៊ុករបស់លោកថា៖ មានប្រជាពលរដ្ឋ បានខលប្រាប់ខ្ញុំថា មានបុរសម្នាក់ជាទាហាន ឈ្មោះ ហុង លឹមហ៊ី បានបង្កហិង្សាទៅលើមីងឈ្មោះ អ៊ិត រុំ អាយុ៥៨ឆ្នាំ បណ្តាលអោយគាត់សន្លប់ ហើយបានដឹកមកព្យាបាលនៅពេទ្យបង្អែកត្រពាំងក្រឡឹង។ មីង អ៊ិត រុំ សន្លប់អស់មួយព្រឹក ហើយនោមអត់ចេញទៀតផង។ ករណីហិង្សានេះ គឺបណ្តាលមកពី ជនបង្កហេតុ ធ្លាប់មាន ទំនាស់ដីធ្លីជាមួយ មីង អ៊ិត រុំ ដែល ឯកឧត្តមហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានជួយមីង ពីមុនម្តងរួចមកហើយ។
លោកដួង តារា បានបន្តថា៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកភ្នំស្រួច បានសហការ ជាមួយជំនាញពាក់ព័ន្ធ ទៅអញ្ជើញ ទាហារូបស្រស់មកដោះស្រាយទទួលខុសត្រូវ តែគាត់បានរត់ចូលបន្ទាយ ដែលមានមេបញ្ជាការឈ្មោះ ឡាញ់ កៅ នៅកងរថក្រោះ អាសេអូ។ ការបង្ករបួសស្នាមលើអ្នកដ៏ទៃ គឺជាបទល្មើសជាក់ស្តែងដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ? មិនមែនជា ការប្រព្រឹត្តបទល្មើសយោធាទេ ? ហើយក៏មិនអាចប្រើ តួនាទីទាហាន ក្នុងការគេចខ្លួនដែរ …..
លោកដួង តារាបានបញ្ជាក់ថា៖
ទោះជនប្រព្រឹត្តិល្មើស បានចូលទៅពួនក្នុងបន្ទាយ យករួចខ្លួន ឬចូលទៅសុំទោសមេមកដោះស្រាយជាមួយពលរដ្ឋ ក៏ជននោះ មិនអាចរួចផុតពី ការទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ !!!!
បើបានធ្វើខុសហើយ សូមចេញខ្លួនមកទទួលខុសត្រូវលើអ្នករងគ្រោះអោយស័ក្តសម ជាទហានមានវិន័យ ហើយកសាងខ្លួនអោយបានល្អទៅគឺពលរដ្ឋនឹងស្រឡាញ់ពេញចិត្តមិនខាន។
«កុំទម្លាប់វាយបង្ករបួសស្នាមដល់អ្នកដទៃហេីយគេចរត់ចូលបន្ទាយយករួចខ្លួនបែបនេះ មិនល្អទេ»។ តើបងប្អូនយល់យ៉ាងណាដែរ?
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕SRP

