ខេត្តសៀមរាប៖ហាងដែលមានរៀបជាកញ្ចុសបិទជិតៗ នៅក្រុងសៀមរាប សម្រាប់បុរស ចូលទៅផឹកស៊ីសប្បាយៗ នោះ មិនមានការបិទនោះទេ។ ដោយហេតុថាជាភោជនីយដ្ឋាន មិនមែនជា KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន។
មន្ត្រីជំនាញបានឲ្យដឹងថាហាងនៅម្ដុំស្ពាននាគនោះ មិនមានគោលការណ៍បិទនោះទេ ព្រោះជាភោជនីយដ្ឋាន ក្នុងនោះ មិនអនុញាតឲ្យមានការបើកខារ៉ាអូខេនោះទេ និងឲ្យបម្រើភ្ញៀវតែតាមកញ្ចុសប៉ុណ្ណោះ និងឲ្យបុគ្គលិកពាក់ម៉ាស ជាប្រចាំ។
សម្លេងមន្ត្រីជំនាញ ដែលបានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍»
សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ក្រុមការងារអធិការកិច្ចទេសចរណ៍ សហការ ជាមួយមន្ត្រីសុខាភិបាលខេត្ត និងនគរបាលក្រុងសៀមរាប បានបន្តចុះត្រួតពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន ៤កន្លែង ស្ថិតនៅភូមិទ្រាំង ស្ពាននាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប រួមមានៈ
1. ភោជនីយដ្ឋាន សម្រស់ម្លប់ម៉ាក់ប្រាំងថ្មី
2. ភោជនីយដ្ឋាន ម្លប់មហាហេង
3. ភោជនីយដ្ឋាន មហាលាភ៩៩៩៩
4. ភោជនីយដ្ឋាន ថាវីម៉ាក់ប្រាងថ្មី
មន្ត្រីជំនាញបានបញ្ជាក់ថាក្រុមការងារបានណែនាំ អាជីវកម្មដែលមានអាជ្ញាប័ណ្ណ ត្រូវគោរពអោបានម៉ឺងម៉ាត់នូវវិធាន៍សុវត្ថិភាពទេសចរណ៍ របស់ក្រសួងសុខាភិបាល និងទេសចរណ៍ ដោយឡែកអាជីវកម្មដែលគ្មានអាជ្ញាប័ណ្ណទេសចរណ៍ ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងត្រូវដាក់ពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តជាមុនសិន។
ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ខេត្ត សូមអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ ទាំងអស់ដែលអនុញ្ញាត អោយធ្វើអាជីវកម្ម រួមគ្នាក្នុងការទប់ស្កាត់ការីករាលដាលកូវីត-19 តាមរយៈវិធានសុវត្ថិភាព សម្រាប់អាជីវកម្ម និងប្រជាពលរដ្ឋទូទៅ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាៈ
1. ការរៀបចំបុគ្គលិកចាំវាស់កម្ដៅ
2. ការលាងសម្អាតដៃដោយអាកុលឬជែលអោយបានញឹកញាប់
3. បុគ្គលិកត្រូវពាក់ម៉ាសជាប្រចាំក្នុងពេលបំពេញការងារ
ការរក្សាឱ្យបានគម្លាតបុគ្គល និងគម្លាតសង្គម។
សូមជំរាបថាកាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ អាជ្ញាធរខេត្ត បានចេញសេចក្ដីប្រកាសមួយ ស្តីពីបន្តការបិទសកម្មភាពអាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្តូតែកបៀរហ្គាឌិន)រោងភាពយន្ត និងសារមន្ទីរ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ក្រោយមានការចេញសេចក្ដីប្រកាសបែបនេះ ពលរដ្ឋសង្កេតឃើញថា ហាងមួយចំនួននៅក្រុងសៀមរាប បានបិទតាមការណែនាំរបស់អាជ្ញាធរ។
ទោះយ៉ាងណាក៏មានព័ត៌មានមួយចំនួនថា អាចនៅមានទីតាំងហាងមួយចំនួនទៀត បានបើកដដែល។ ដូច្នេះពលរដ្ឋរំពឹងថាអាជ្ញាធរនឹងបន្តស្រាវជ្រាវហាងទាំងនោះដើម្បីបិទឲ្យដូចហាងផ្សេងៗផងដែរ៕SRP

