ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន៤៥០០គ្រួសារ បានទទួលអំណោយរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ។
ពិធីផ្ដល់អំណោយ នេះបានធ្វើឡើងនៅទីតាំងដាច់ដោយឡែក ពីគ្នានៅពីថ្ងៃទី២ និងទី៣ ខែវិច្ឆិកាកន្លងទៅនេះ ដោយលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ និងថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិផងដែរ។
អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងមួយផ្នែកមានការចូលរួមបន្ថែមពីក្រុមអ្នកម្ដាយមនុស្សធម៌ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះនាឱកាសនោះ រួមមានគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ក្នុងនោះស្រុកកំរៀង៤០០គ្រួសារ, ស្រុកភ្នំព្រឹក៣០០គ្រួសារ, ស្រុកសំពៅលូន៣០០គ្រួសារ, ក្រុងបាត់ដំបង៥០០គ្រួសារ, ស្រុកឯកភ្នំ២ ០០០គ្រួសារ និងស្រុកបវេល១ ០០០គ្រួសារ។
ក្នុងនាមសម្ដេចស ខេង រដ្ឋមន្ត្រីមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង លោក ស សុខា និងលោកជំទាវ ព្រមទាំងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមការងារ ក៏បានឆ្លៀតអញ្ជើញចុះពិនិត្យមើលការជួសជុល និងសាងសង់ក្លោងទ្វារ រៀបចំប្រព័ន្ធភ្លើង បំពាក់អំពូលសឡា និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិទ្យាល័យបវេល ដែលស្ថិតនៅក្នុងស្រុកបវេល ខេត្តបាត់ដំបងផងដែរ៕SRP

