ខេត្តសៀមរាប៖បុរសម្នាក់បានរងរបួសធ្ងន់ដោយសារជនដៃដល់កាប់ប្រហារគ្មានញញើតដៃ។ មន្ត្រីសមត្ថកិច្ចបានថ្លែងប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»នៅរសៀលថ្ងៃច័ន្ទទី២ខែវិច្ឆិកានេះថា៖ហេតុការណ៍ហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅឃុំដានរុន ស្រុកសុទ្រនិគម ខេត្តសៀមរាប។
មន្ត្រីបានថ្លែងបន្តថា៖កររណីនេះបង្កដោយជនសង្ស័យ ចំនួន ០២នាក់ ភេទប្រុស មិនស្គាល់ អត្តសញ្ញាណ រស់នៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប បានធ្វើសកម្មភាពយកកាំបិតខ្វែវ និង ប៉ែល កាប់ និងវាយមកលើជនរងគ្រោះឈ្មោះ វី លីយ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចប្បន្នរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ បុគ្គលិក«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិត្តភាពហ្វាយណាន់» បណ្តាលឲ្យរងរបួសធ្ងន់ដោយត្រូវត្រង់ ចង្កេះខាងស្តាំ ០១កាំបិត ដេរ ០៥ថ្នេរ, រលាត់ស្បែកដើមដៃខាងឆ្វេង, ត្រូវត្រង់ក្បាលផ្នែកខាងក្រោយ ចំនួន០២កាំបិត ដេរ១៧ថ្នេរ និង ដាច់ប្រអប់ដៃខាងស្តាំ ផងដែរ។
មន្ត្រីបានបញ្ជាក់ថាបន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយដឹកបញ្ជូនមកសង្គ្រោះ នៅមន្ទីរមួយក្នុងខេត្តសៀមរាប។
បើតាមការបញ្ជារបស់សមត្ថកិច្ចថា៖មូលហេតុជនរងគ្រោះ បានឈ្លោះគ្នាជាមួយក្រុមជនសង្ស័យខាងលើ ពេលទៅលេងបុណ្យអកអំបុកនៅវត្តមុន្នីធ្យាង ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។ទោះជាយ៉ាងណាជុំវិញហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានកំពុងតែចុះស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

