ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងជាសាធារណៈ នៅចំពោះមុខប្រជាពលរដ្ឋថា៖ មន្ត្រីដែលនៅចំពោះមុខ លោកយាយ លោកលោកតា ពុកម៉ែបងប្អូននេះ គឺជាអ្នកបម្រើបងប្អូន យ៉ាងពិតប្រាកដ។
ដូច្នេះប្រសិន បេីពុកម៉ែមានការអ្វី ឬត្រូវការអ្វីនោះ សូមប្រាប់មកអាជ្ញាធរយើង បេីរឿងដែលអាជ្ញាធរឃុំ និងស្រុក អាចដោះស្រាយចេញ នឹងត្រូវដោះស្រាយជូនពុកម៉ែភ្លាមៗ។ តែបេីរឿងណាណា ដែលអាជ្ញាធរស្រុកដោះស្រាយមិនចេញទេនោះ គឺថ្នាក់ដឹកនាំខេត្តនឹងចុះដោះស្រាយជូន។ បើខេត្ត នៅតែរកដំណោះស្រាយ មិនបានទៀត គឺខេត្តនឹងសុំអន្តរាគមន៍ទៅថ្នាក់
ជាតិ ដេីម្បីរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យខានតែបាន។
អភិបាលខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋ ឲ្យថែរក្សាសុខភាព កុំឲ្យមានជម្ងឺដង្កាត់ផ្សេងៗ ដែលនាំឲ្យខាតបង់ទាំងពេលវេលា និងថវិកា តែបេីក្នុងគ្រួសារមានជម្ងឺឈឺថ្កាត់ សូមប្រញាប់ប្រញាល់បញ្ជួនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលភ្លាមៗផងដែរ។
ថ្លែងយ៉ាងដូច្នេះនាឱកាសចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន ចំនួន២០០គ្រួសារ រស់នៅក្នុងឃុំអង្គរបាន និងឃុំសូរគង ស្រុកកងមាស នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ធកាល័យ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានអភិវឌ្ឍលើគ្រប់វិស័យ កសាងប្រទេសជាតិ តាំងពីបាតដៃទទេ រហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះសូមពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ថែមទៀត។
គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋទាំង២០០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡួ មី ០១កេស ត្រីខ ០១យួរ និងថវិកា ៤០.០០០រៀល។
ជាមួយនោះ លោក ណុប រ័ត្ននិមល និងលោកស្រី ក៏បានប្រគេនបច្ច័យកសាង ដល់វត្តកែវមុន្នី ចំនួន ៤លានរៀល ផងដែរ៕SRP

