ខេត្តសៀមរាប៖ក្នុងរយៈពេលពីរថ្ងៃនេះ គេសង្កេតឃើញប្រជាពលរដ្ឋ ជាច្រើន បានចូលសម្រុក មកលេងក្នុងក្រុងសៀមរាប ដែលជាថ្ងៃឈប់សម្រាក ពិធីបុណ្យអុំទូកសំពះព្រះខែនិងអកអំបុក។
ជាមួយគ្នានេះដែរ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ផងដែរថា៖ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ បានមកលេងខេត្តសៀមរាបយ៉ាងច្រើនកុះករនាព្រឹកនេះ។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារមកលេងខេត្តសៀមរាប ប្រកបដោយ ភាពសប្បាយរីករាយ ក្នុងអំឡុងពេល ថ្ងៃឈប់សម្រាកនេះ។
អភិបាលខេត្តបន្តថា៖ខ្ញុំបាទតាំងនាមឲ្យអាជ្ញាធរគ្រប់ថ្នាក់ សូមទទូចដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តា កុំភ្លេចនូវ ៤ចំណុច សាមញ្ញៗគឺ៖
1.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា
2.កុំភ្លេច ជែល ឬអាល់កុលលាងដៃ
3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
4.សូមបើកបរដោយការប្រុងប្រយ័ត្ន ចេះអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍។
សូមបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តមួយមានប្រាងប្រាសាទនិងរមណីយដ្ឋានជាច្រើន ដែលជាទីកន្លែងកំសាន្តរបស់បងប្អូន ប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយរីករាយ និងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។ ក្រុងខេត្តសៀមរាប ក្រៅពីមានតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញ ផងនោះ ខេត្តតំបន់ទេសចរណ៍មួយនេះ ក៏មានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ៕SRP

