ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន៦៥ក្បាលដី។
ការចែកនេះធ្វើឡើង ក្រោមវត្តមានលោក លី សំរិទ្ធ អភិបាលរងខេត្ត ប្រធានគណៈកម្មការរដ្ឋបាល ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
លោកលី សំរិទ្ធ បានសម្តែងនូវការអបអរសាទរ ចំពោះ បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ដែលទទួលបាននូវប័ណ្ណកម្មសិទ្ធិ ដើម្បីបានប្រើប្រាស់តាមផ្លូវច្បាប់ ក្នុងដំណោះស្រាយបញ្ហាកង្វះខាត ឬដើម្បីមុខរបរ ធ្វើអាជីវកម្មផ្សេងៗ លើកស្ទួយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ និងបានរក្សាទុកជាឯកសារសំអាង ក្នុងទំនាស់ដីធ្លី។ ប័ណ្ណកម្មសិទ្ធិទាំងនេះ មានតម្លៃនៃការប្រើប្រាស់កាន់តែខ្ពស់ ស្របពេលដែលប្រទេសជាតិមានសន្តិភាពរឹងមាំ ដែលជាឱកាសនៃការអភិវឌ្ឍ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាត្រូវបានអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាពនិងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ នេះគឺជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីក្នុងសង្គមជាតិ។
បើតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបញ្ចាក់ថា ប័ណ្ណកម្មសិទ្ធដែលត្រូវប្រកាសចែកជូនម្ចាស់ដីនៅភូមិធ្លកអណ្តូងមានចំនួន៦៥ក្បាលដី ដែលត្រូវបានគណៈកម្មការរដ្ឋបាលខេត្តប្រជុំពិនិត្យដោះស្រាយ និងបានស្នើសុំគោលការណ៍ចេញប័ណ្ណកម្មសិទ្ធិជូនកម្មសិទ្ធិកររួចរាល់ ជាមួយនឹងការបដិសេធទៅម្ចាស់បណ្តឹងផងដែរ និងនៅមាន១០៣ក្បាលដីទៀត ដែលបានពិនិត្យឃើញថា ពុំទាន់អាចចេញប័ណ្ណកម្មសិទ្ធិបាននៅឡើយ ដោយសារនៅជាប់ទំនាស់ ។ យ៉ាងណាក៏ដោយ ការសំរេចចេញប័ណ្ណកម្មសិទ្ធិនេះ វាប្រៀបបីដូចជាការលាងដៃឲ្យស្អាតដើម្បីសុខភាពមុនពិសាអាហារ ដូចគ្នាដែរគឺដើម្បីចៀសវាងកុំឲ្យមានបញ្ហា ការមន្ទិលសៅហ្មង កើតទំនាស់ទៅថ្ងៃក្រោយទៀតផងដែរ៕SRP

