ពលរដ្ឋរស់នៅ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧ ទទួលបាន «ប័ណ្ណកម្មសិទ្ធិដីធ្លី»

ខេត្តសៀមរាប៖យោធិនពិការ និងពលរដ្ឋចំនួន ៥៣១គ្រួសារ រស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីអាជ្ញាធរនៅថ្ងៃអង្គារទី២៧ ខែតុលា ព្រឹកមិញនេះ។

ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)នេះ ស្ថិតនៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានលោកមាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយុទ្ធសេវា ក្រសួងការពារជាតិ និងមានការចូលរួម ពីលោក លី សំរិទ្ធ អភិបាលរងខេត្ត។

លោក លី សំរិទ្ធ បានសម្តែងនូវការសាទរចំពោះយោធិនពិការ និងពលរដ្ឋ ក្នុងភូមិស្នារតេជោ ទាំងអស់ ដែលទទួលបានវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ ដែលបងប្អូននឹងក្លាយជាកម្មសិទ្ធិករដ៏ពេញលេញ និងមិនអាចមានអ្នកណាមករំលោភបានឡើយ។ បងប្អូនអាចយកទៅប្រើប្រាស់តាមតម្រូវការតាមការចាំបាច់បាន។

លោក មាស សាវ៉ន បានមានប្រសាសន៍ថា សមិទ្ធផលដែល យោធិនពិការ និងពលរដ្ឋ ទទួលបានប័ណ្ណកម្មសិទ្ធិ នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ របស់ យោធិនពិការ និងពលរដ្ឋ ដែលសម្តេចបានបង្កើតភូមិស្នារតេជោ និងបានបែងចែកដី និងសង់លំនៅដ្ឋានសម្រាប់ជូនដល់យោធិនពិការ ដែលជាការឆ្លុះបញ្ចាំងពីការដឹងគុណនូវវីរភាពរបស់បងប្អូន ឲ្យមានលំនៅដ្ឋានសមរម្យ និងមានដីសម្រាប់ដាំដុះដំណាំផ្សេងៗ ដែលបងប្អូន អាចប្រក មុខរបរដាំដំណាំ និងចិញ្ចិមសត្វ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

សុំបញ្ជាក់ថា តាមរយៈគណៈកម្មការ រដ្ឋបាលបានបញ្ចប់សព្វគ្រប់នូវនីតិវិធីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធ លើក្បាលដីចំនួន ៥៣១ក្បាលដី ក្នុងចំណោមក្បាលដីសរុប ៥៥១ក្បាលដី ដែលក្នុងនោះម្ចាស់ក្បាលដីទាំង២០ក្បាលដីទៀត មិនបានចូលរួមផ្តល់ទិន្នន័យក្នុងការចុះវាស់វែង៕SRP