ខេត្តសៀមរាប៖លោកង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រីនៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងឃុំចំនួន ៣ (ឃុំខ្នារសណ្តាយ ឃុនរាម និងឃុំរំចេក) ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី ខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមពីលោក សែម សុវណ្ណនី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងជាប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ លោក ហុី សាយ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងជាប្រធានក្រុមការងារចុះជួយឃុំឃុនរាម លោកអភិបាលស្រុកបន្ទាយស្រី ក្រុមប្រឹក្សាស្រុក កងកម្លាំងកងពលធំអន្តរាគមន៍លេខ២ កងកម្លាំងប្រដាប់អាវុធស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងស្រុកបន្ទាយស្រីផងដែរ។
ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះផងដែរ លោកង៉ាន់ ភិរុណ បានជួបសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មានដូចជា អង្ករ ត្រីខ មី តង់ កន្ទេល និងថវិកាមួយចំនួន ព្រមទាំងបានចុះពិនិត្យបេីកមុខទឹកមួយកន្លែង ស្ថិតនៅឃុំរំចេក ដេីម្បីបញ្ចៀសផលប៉ះពាល់ដល់ការលិចកំណាត់ផ្លូវលេខ៦៧៕SRP