ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងនៅព្រឹកនេះថា ប្រជាពលរដ្ឋដែលរស់នៅប៉ះពាល់លើដីចំណីផ្លូវ ក្នុងសង្កាត់ស្លក្រាម និងសង្កាត់ស្វាយដង្គំ និងសង្កាត់គោកចក ក្រុងសៀមរាប បានចូលរួមសហការ និងបន្តរុះរើសំណង់។
ខ្ញុំសូមជម្រាបថានៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែតុលាម្សិលមិញ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៣ និងជាតំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការចុះពិនិត្យ និងសម្របសម្រួល លើការរុះរើសំណង់រំលោភលើដីផ្លូវ ចំណីផ្លូវ អូរ ប្រឡាយ សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខែ្ស ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមការងារក៏បានផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តចូលរួមសហការ និងរុះរេីសំណង់នានា ព្រមទាំងសម្ភារផ្សេងៗទៀត លើខ្សែផ្លូវចំនួន ៧ ខ្សែ ដែលរួមមានខ្សែផ្លូវ WN06 .WN01 .AD11.AD27.AD25.EN03 និងEN05 ដែរមានផលប៉ះពាល់ចំនួន ៦៥៩ ផលប៉ះពាល់។
ជាមួយគ្នានេះដែរក្រុមការងារក៏បានថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវដែលរាជរដ្ឋាភិបាល បានគ្រោងនឹងសាងសង់នេះ ដោយមានការចូលរួមសហការជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំនិងសប្បាយរីករាយក្រែលែងក្នុងការរុះរើសំណង់របស់ខ្លួនចេញក្នុងពេលឆាប់ៗនេះ។
ក្នុងនាមក្រុមការងារ ជាពិសេស អភិបាលខេត្តសៀមរាប សូមស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕SRP