ខេត្តកំពង់ចាម៖អភិបាលខេត្ត លោក អ៊ុន ចាន់ដា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន ទាំងអស់ឲ្យស្រឡាញ់ថែរក្សា និងបន្តការដាំដុះដើមឈើក្នុងសហគមន៍ឲ្យបានច្រើន។ អភិបាលខេត្តថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ចូលរួមការពារថែរក្សាទុកជាមរតកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយ។ ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីដាំកូនឈើ ១ពាន់ដើមជាមួយនិងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅអមសងខាងផ្លូវថ្មី ខណៈដែលស្ពានឆ្លងកាត់ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ ក្នុងស្រុកស្ទឹងត្រង់ នាព្រឹកមិញ លោក អ៊ុន ចាន់ដាអភិបាលខេត្ត បានលើកឡើងថា ការដាំដើមឈើនៅថ្ងៃនេះ មានគោលបំណង រួមគ្នាក្នុងអភិរក្សធនធានធម្មជាតិដែលកំពុងតែរិចរិល និងចូលរួមក្នុងការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ហើយក៏ជាការលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតងនៅក្នុងទីប្រជុំជនផងដែរ។ សូមជម្រាបថាស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ” គឺជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន ជូនចំពោះ ប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងត្រង់ ជាស្ពានដ៏ល្អប្រណិត ដែលបម្រើដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម ការសាងសង់សម្រេចបាន៩០ភាគរយហើយ៕SRP