ស្នងការខេត្តបន្ទាយមានជ័យ ផ្តាំផ្ញើដល់កម្លាំងនគរបាលទាំងអស់បន្តខិតខំយកចិត្តទុកដាក់បម្រើពលរដ្ឋអោយបានល្អ

ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងបំពាក់ឋានន្តរស័ក្តិ​ ជូនមន្ត្រីនគរបាលជាតិ​ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅរសៀល ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសម្ដែងនៅសាទរ និងផ្តាំផ្ញើដល់កម្លាំងទាំងអស់បន្តខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការងារ និងបម្រើប្រជាពលរដ្ឋ អោយបានល្អ។
លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ
បានផ្ដល់អនុសាសន៍ដល់អធិការនគរបាលក្រុងប៉ោយប៉ែត និងមន្រ្តីនគរបាលទាំងអស់ អោយបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកបាន ដាក់ចេញទិសដៅអនុវត្តចំនួន ០៤ មាន៖
១- ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។
២- ពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
៣- ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ ០៣ មាន៖
ក/ ក្តីកង្វល់រឿងគ្រោះថ្នាក់ចរាចរណ៍ (នគរបាលខេត្តបន្ទាយមានជ័យនឹងចូលរួមអប់រំ ផ្សព្វផ្សាយ អោយប្រជាពលរដ្ឋគោរពច្បាប់ចររាចរណ៍ និងពង្រឹងបន្ថែមទៀតដើម្បីអោយប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព គោរពតាមល្បឿនកំណត់ បង្ការថ្ងៃនេះថ្ងៃស្អែក មិនអោយមានគ្រោះចរាចរណ៍។)
ខ/ ក្តីកង្វល់រឿងគ្រឿងញៀន (នគរបាលខេត្តបន្ទាយមានជ័យ នឹងចូលរួម ខិតខំ បង្ការ ទប់ស្កាត់ បង្រ្កាប កាប្រើប្រាស់ និងចែកចាយដាំដុះ គ្រឿងញៀនដើម្បីអោយភូមិឃុំ ងាកចេញឆ្ងាយពីគ្រឿងញៀន។)
គ/ ក្តីកង្វល់រឿង បទល្មើស លួចទ្រព្យសម្បត្តិឆក់ ប្លន់គ្រប់ប្រភេទ (នគរបាលខេត្តបន្ទាយមានជ័យនឹងចូលរួម អនុវត្តវិធានការរដ្ឋបាល បង្ការ ល្បាត ពួនស្ទាក់ និងបង្រ្កាប ដើម្បីអោយភូមិឃុំមានសុវត្ថិភាព។)
៤- សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ដើម្បីសំរេចជោគជ័យគ្រប់ភារកិច្ច។

វិធានការទាំងនេះ ស្នងការនគរបាលខេត្ត នឹងដាក់ចេញទៅលើអធិការនគរបាលស្រុក/ក្រុងទាំង៩ និងប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់ ទាំង៦៥ នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តទាំងអស់គ្នា៕SRP