អ្នកសារព័ត៌មានម្នាក់ ស្លាប់នៅលើដងផ្លូវ សង្ស័យមានគេសម្លាប់

0

ភ្នំពេញ៖អ្នកសារព័ត៌មានម្នាក់បានស្លាប់ នៅលើដងផ្លូវ សង្ស័យមានគេសម្លាប់។ ហេតុការបង្កការភ្ញាក់ផ្អើល

បានកើតឡើងនៅវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៩ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ខាងមុខរោងចក្រ ឃ្ជូរអឹមអាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយកព័ត៌មាន អង្គភាពCBN TV Online ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានស្រុកកំណើត ភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ជិះម៉ូតូ ឌ្រីមសង់C125 ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-1507 ។

តាមប្រភពព័ត៌មានបឋម ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈ មកដល់ចំណុចខាងលើ ស្រាប់តែឃើញជនសង្ស័យម្នាក់ ដេញតាមពីក្រោយមួយសន្ទុះក៏ស្ងាត់ទៅវិញ ។

ប្រភពបន្តទៀតថា ពេលគាត់មកមើល ស្រាប់តែឃើញបុរសខាងលើ បែកក្បាលស្លាប់ទៅហើយ រួចក៏រាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ ទោះយ៉ាងណានៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ ឈើជ្រុងមួយដើម មួកសុវត្ថិភាពចំនួន២ ស្បែកជើង២គូ និងមួកសាច់កាណាត់ចំនួន២ សង្ស័យជារឿងឃាតកម្ម ឬអាចប្លន់មិនបានសម្រេច។ បច្ចុប្បន្នសាកសពសមត្ថកិច្ចជំនាញ មកធ្វើកោសល្យពិច័យ និងត្រួតពិនិត្យស្រាវជ្រាវ លើករណីនេះ។

គួរបញ្ជាក់ថានៅក្រុងភ្នំពេញហាក់បីមានរឿងឃាតកម្មកើតឡើងជាបន្តបន្ទាប់ក្នុងរយ:ពេលកន្លងមកនេះ ធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច៕SRP