អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ សិស្សពិការភាព និងកុមារកំព្រាជាង២០០នាក់

0

ខេត្តកំពង់ចាម៖:​ក្មួយៗ​សិស្សានុសិស្ស​ពិការ​ភ្នែក​ និង​គថ្លង់​ នៃ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​ និង​កុមារ​នៃ​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ ប្រមាណ​ជា​២៤៤នាក់​ ទទួល​បាន​ការ​លេីក​ទឹកចិត្ត​ និនិងអាហារពីលោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ នាថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។

ថ្លែង​សំណេះសំណាល​ក្នុង​ពិធី​នោះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ ការ​រៀបចំ​ពិធី​នេះ​ឡើង​​ ដើម្បីបានស្វែងយល់អំពីសុខទុក្ខរបស់ក្មួយៗ ក៏ដូចជាការលើកកម្ពស់ដល់ជនពិការភាព ដោយការមិនទុកឲ្យនៅឯកកោ និងការរើសអើងនោះឡើយ ពោលគឺយើងត្រូវតែរួមគ្នា ដើម្បីដោះស្រាយ ធ្វើយ៉ាងណា ដើម្បីឲ្យក្មួយៗមានសុខភាពល្អ ដូចយុវជនយើង ដែលមានកាយសម្បទាគ្រប់គ្រាន់ផងដែរ ។
ជាមួយ​គ្នានោះ​ លោក​អភិបាលខេត្ត​ ក៏បាន​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំង​អស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​រៀនសូត្រ​ និង​ចាប់​យក​ចំណេះវិជ្ជា​ផ្សេងៗ​ ដើម្បី​ឈាន​ទៅ​ដល់​សម្រេច​គោលបំណង​ក្នុង​ថ្ងៃ​អនាគត​។ ជាពិសេស​កុំ​ឲ្យ​ជឿ​តាម​ការ​អូសទាញ​របស់​មិត្តភ័ក្ដិ​អាក្រក់​ គឺ​ត្រូវ​ជៀសឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ដែល​នាំឲ្យ​អន្តរាយ​ដល់​សុភមង្គល​នោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សិស្ស​ក្នុង​វិទ្យាល័យ​សរុប​ទាំង​អស់​មាន​ចំនួន​១៧១នាក់​ ក្នុងនោះ​សិស្ស​ពិការ​ភ្នែក​មាន​៥៩នាក់​ និង​គផ្លង់​ចំនួន​១១២នាក់​ ហើយ​បុគ្គលិក​សរុបគឺមានចំនួន​៣៥នាក់​។ ដោយ​ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​ មាន​សិស្ស​ចាប់​​ពី​ថ្នាក់​បឋម​ ដល់​​វិទ្យាល័យ​ ក្នុង​នោះ​មាន​សិស្ស​ពិការ​ភ្នែក​ចំនួន​១២ថ្នាក់​ ចាប់​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​១២​ សិស្ស​គថ្លង់​មាន​ចំនួន​១៣ថ្នាក់​ ចាប់​ពី​ថ្នាក់​ទី​១ទាប​ ទី១ខ្ពស់​ ដល់​ថ្នាក់​ទី​១២​ ។ ដែល​សាលា​បង្រៀន​ទៅ​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ហើយ​ក៏​មាន​បង្រៀន​កំព្យូទ័រ​ ភ្លេង​ របាំ​ និង​បង្ហាត់​ស្តាប់​ និយាយ​ដល់​សិស្ស​គថ្លង់​។ ដោយឡែក​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ មាន​កុមារ​ចំនួន​៧៣នាក់​ ផង​ដែរ​៕SRP