កសិករ​ពីរឃុំ ទទួល​បាន​ធាតុ​ចូល​កសិកម្ម​៩តោន ពី​អាជ្ញាធរ​ខេត្តកំពង់ចាម​ សម្រាប់​គាំទ្រ​បណ្តុំ​អាជីវកម្ម

0

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខខែកញ្ញាព្រឹកមិញ បាន​ធ្វើ​ការ​ចែក​ជី​ចំនួន​៩តោន​ ​ជូន​ដល់​ប្រជាកសិករ​ចំនួន​៩០គ្រួសារ​ នៅឃុំ​ស្វាយ​ខ្សាច់​ភ្នំ​ និង​ឃុំ​ព្រែក​ដំបូក​​ ស្រុក​ស្រីសន្ធរ​​​ ដែល​ជាធាតុ​ចូល​កសិកម្ម​ សម្រាប់​គាំទ្រ​បណ្តុំ​អាជីវកម្ម​ នៃ​អនុ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​(ASPIRE)​ របស់​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​
ខេត្តកំពង់ចាម។

ថ្លែង​សំណេះសំណាល​ក្នុង​ពិធី​នេះ​លោក​​ អ៊ុន​ ចាន់ដា​ បាន​លើក​ឡើង​ថា​ ពលរដ្ឋដែលរស់នៅតំបន់តាមដងទន្លេមេគង្គ​ ភាគច្រើន​និយម​ធ្វើ​ការ​ដាំដុះ​បន្លែ​រួមផ្សំ​ផ្សេងៗ​ សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ដោយ​ពីមុន​ដាំដុះ​តាម​ទម្លាប់​ហើយ​សល់​ពី​​ហូបចុក​​ទេីប​យក​ទៅ​លក់​ដូរ​នៅ​ទីផ្សារ​​។ ដោយឡែក​បច្ចុប្បន្ន​នេះ​ កសិករ​យើង​មាន​បច្ចេកទេស​ត្រឹមត្រូវ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ពី​មន្ត្រី​ជំនាញ​ ​ក្នុង​ការ​ដាំដុះ​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​នៅ​ទីផ្សារនានា​ បន្ទាប់​ពី​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ការ​គាំទ្រ​ចង្វាក់​ទីផ្សារ​នាំចេញ​។
អភិបាលខេត្តបាន​ថ្លែង​បន្ត​ថា​ បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ​ សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ​ខិតខំ​យកចិត្តទុកដាក់​ ក្នុង​ការ​ដាំដុះ​បង្កបង្កើនផល​ដំណាំ​កសិកម្ម​។
អភិបាលខេត្តក៏បាន​ក្រេីន​រំលឹក​ដល់ពលរដ្ឋ ឲ្យ​បន្ត​ការ​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​សហការ​ជាមួយ​អាជ្ញាធរ​​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​៕​SRP