រថយន្តបុកអ្នកជិះម៉ូតូ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យស្លាប់ទាំងពីរនាក់

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តមិនស្គាល់ម៉ាក បើករត់គេចបាត់ បានបើកបុកម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ សៀមរាប 1U 9007 បណ្ដាលអោយស្លាប់មនុស្ស០២នាក់ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ។

ជនរងគ្រោះ១/ឈ្មោះ ញ៉ែវ ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។

២/ឈ្មោះ ហាន ផាក ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នករួមដំណើរជាមួយម៉ូតូ)។

បើតាមសមត្ថកិច្ចថាមូលហេតុ អ្នកបើកម៉ូតូបើកល្បឿនលឿន ហើយបត់ឆ្លងផ្លូវ ក៏ដួលនៅលើផ្លូវ ហើយរថយន្តក៏ មកដល់ជាន់តែម្ដង។ ករណីនេះសមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែក ម៉ូតូខូចខាតធ្ងន់ រក្សាទុកនៅអធិកាដ្ឋានស្រុក៕SRP