ខេត្តសៀមរាប៖ក្រុមមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសម្រុកចូលបន្ទប់ក្នុងហាងម៉ាស្សា ស្រីពៅ រកឃើញសុទ្ធតែស្រោមអនាម័យ មិនទាន់ប្រើនិងប្រើរួចជាច្រើន និងរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់ក្នុងនោះមានអនីតិជនអាយុ១៦ឆ្នាំម្នាក់ផងដែរ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានអោយដឹងថាករណីបង្ក្រាបការជួញដូរមនុស្សក្នុងហាងម៉ាស្សា ស្រីពៅ នេះ បុរសជាថៅកែហាងម៉ាស្សា ម្នាក់ត្រូវឃាត់ខ្លួនបញ្ជូនខ្លួនទៅតុលាការ ក្រោមបទចោទ អំពើសញ្ចារកម្ម។
លោកវរសេនីយ៍ឯក ជា ហេង បានអោយដឹងថា ការជនសង្ស័យមានឈ្មោះយិន ង៉ែត ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅហាងម៉ាស្សាខាងលើ។
លោកបន្តថា ក្នុងប្រតិបត្តិការ ដែលដឹកនាំសម្រប សម្រួលនិតិវិធីដោយលោកកើត វណ្ណារ៉េត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត។ លោកបញ្ជាក់ថា ជនសង្ស័យ បញ្ជូនទៅតុលាការនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០នេះ។ចំណែកនារីបំរើសេវាផ្លូវភេទទាំង៤នាក់ ជាជនរងគ្រោះ ប្រគល់អោយមន្ទីរសង្គមកិច្ចដើម្បីអប់រំណែនាំ។សូមបញ្ជាក់ថាការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប៕SRP

