ខេត្តសៀមរាប៖ភរិយាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ បានឧបត្ថម្ភថវិកា ចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែល មន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធី បុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី ៧ ដេីម្បីរកមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាព កុមារ-ទារក ប្រមាណ ជាង ៥០០នាក់ ក្នុង មួយថ្ងៃ ដោយឥតគិតថ្លៃ។
តាមរយ:លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសេីរ ដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃ មន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយ ស្នាមញញឹម។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានបញ្ជាក់ បន្ថែមថា ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីម ថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលេីការលេីកកម្ពស់សុខុមាលភាពរបស់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះ ការរួមចំណែកជួយព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ តាមរយៈ ការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នូវថវិកា ១លាន ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២ រៀងមក។ ដោយឡែក សម្រាប់ មន្ទីរពេទ្យកុមារអង្គរ នេះជាការឧបត្ថម្ភជាលេីកទី២ ពី កាកបាទក្រហមកម្ពុជា ដែលលេីកទី១ បានផ្តល់ជូនចំនួន ៥០,០០០ដុល្លារអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។
ជាកិច្ចឆ្លេីយតប ថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរឧបត្ថម្ភ ជាបន្តបន្ទាប់ ដែលនេះជាការលេីកទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារកម្ពុជា៕SRP

