ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមបានអះអាងថាយើងត្រូវបន្តធ្វើការអភិវឌ្ឍជារៀងរាល់ឆ្នាំឥតឈប់ឈរប្រកបដោយនិរន្តភាពចីរភាពបរិស្ថានធនធានធម្មជាតិ អភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ បងប្អូន ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារ អប់រំសិក្សាធិការជាមូលដ្ឋាន។ លោកថ្លែងយ៉ាងដូច្នេះក្នុងវេទិការពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយ សិក្ខាសាលាសមាហរណកម្មកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង/ស្រុកនិងឃុំ/សង្កាត់នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០នៅមន្ទីរផែនការខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា បានថ្លែងថារដ្ឋបាលខេត្តបានខិតខំធ្វើការអភិវឌ្ឍទាំងផ្នែករូបវន្ត និងអរូបវន្តជាពិសេសការកែលម្អ សោភ័ណ្ឌភាពទីក្រុង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។ ជាក់ស្ដែងក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបានសាងសង់អគារច្រកចេញចូលតែមួយ ចំនួន១០ក្រុង-ស្រុករួចរាល់ជាស្ថាពរដើម្បីធានាការបម្រើសេវារដ្ឋបាលឲ្យកាន់តែរហ័សជូនប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ យើងបានបង្កើនការយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ ដោយបានរកឃើញគ្រួសារក្រីក្រសរុបចំនួន ៤៥,៩២៥គ្រួសារដែលនឹងទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងន័យនេះបានបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ នៅក្នុងដែនដីរដ្ឋបាលក្រុង-ស្រុកនិងឃុំ -សង្កាត់។
អភិបាលខេត្តបានសង្កត់ធ្ងន់ថាគម្រោងវិនិយោគកំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងមិនទាន់មានការសន្យាគាំទ្រ ដែលនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២១-២០២៣ សំណូមពរ លោកលោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងអង្គការនានាជំរុញការអនុវត្តគម្រោងនីមួយៗដែលបានសន្យាគាំទ្រត្រូវបញ្ចប់តាមកាលកំណត់៕SRP