នៅទីបំផុត ពង្រីកផ្លូវជា៦គន្លង ចាប់ស្តុបសុខាអង្គរ ដល់រង្វង់មូលព្រះបាទជ័យវរ័ន្មទី៧

នៅទីបំផុត ពង្រីកផ្លូវជា៦គន្លង ចាប់ស្តុបសុខាអង្គរ ដល់រង្វង់មូលព្រះបាទជ័យវរ័ន្មទី៧

ខេត្តសៀមរាប៖នៅទីបំផុតអាជ្ញាធរខេត្តសៀមរាបបានសម្រេចពង្រីកផ្លូវជាតិលេខ៦ចាប់ពីភ្លើងស្ដុបសុខាអង្គរដល់រង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ ដោយធ្វើជា៦គន្លង។

អាជ្ញាធរខេត្តសៀមរាបបានអះអាងថាផ្លូវនេះនឹងចាប់ផ្តើមអនុវត្តសាងសង់ចាប់ពីខែតុលាឆ្នាំ២០២០ខាងមុខដោយមានប្រវែងបណ្តោយសរុប៥៨០០ម៉ែត្រ ទទឹងសរុប២៩ម៉ែត្រ ដោយបែងចែកគន្លងផ្លូវទៅមក ៦គន្លង ផ្លូវទៅមកសម្រាប់រថយន្ត និងផ្លូវទៅមកសម្រាប់ម៉ូតូ កង់ ផ្លូវថ្មើជើងទទឹងសរុប៣ម៉ែត្រ ព្រមទាំងរៀបចំសួនច្បារពុះចែកទ្រូងផ្លូវទទឹង២ម៉ែត្រ។

អាជ្ញាធរបានបន្តថានៅថ្ងៃអង្គារទី២៥ ខែសីហាឆ្នាំ២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះអនុវត្តរើការ៉ូឡា និងដកដើមឈើ នៅសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ ដល់ភ្លើងស្ដុបសុខាអង្គរក្រុងសៀមរាប ដើម្បីធ្វើការបើកពង្រីក និងសម្រួលដល់ការធ្វើចរាចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ល្អ និងធានាសុវត្ថិភាពចរាចរណ៍។ផ្លូវនេះគ្រោងស្ថាបនានៅចុងឆ្នាំ២០២០នេះ ដែលជាជំនួយរបស់គម្រោងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី(ADB )

អាជ្ញាធរខេត្តបញ្ជាក់ថាការរៀបចំសាងសង់ផ្លូវនេះក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរទៅមក ក៏ដូចជារៀបចំសោភ័ណភាពក្នុងក្រុងសៀមរាបអោយបានស្អាតជាងមុន។

បើតាមអាជ្ញាធរខេត្តថាមកដល់ថ្ងៃនេះអាជ្ញាធរបានបំពេញភារកិច្ចរបស់ខ្លួន ដោយធ្វើការរុះរើបង្គោលបំភ្លឺ គាស់កម្រាលការ៉ូឡា តាមចិញ្ចើមផ្លូវ និងធ្វើការគាស់ដើមឈើផ្កាលម្អតាមដងផ្លូវ ដើមី្បយកទៅរក្សាទុក សម្រាប់ធ្វើការដាំឡើងវិញផងដែរ។

សូមបញ្ជាក់ថាគោលការណ៍ដឹកនាំរបស់លោកទៀ សីហា អភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការងារការកែលម្អសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយក្នុងខេត្ត។អាស្រ័យដូចបានជំរាបខាងលើនេះសូមបងប្អូនសាធារណជនដែលធ្វើចរាចរណ៍ក្នុងតំបន់ដែលកំពុងអនុវត្តការងារមេត្តាអធ្យាស្រ័យ និងយោគយល់ ដោយក្តីដោយអនុគ្រោះ៕SRP