អភិបាលខេត្តត្បូងឃ្មុំថាឲ្យតែមានការញុះញង់ បំផុសបំផុលពលរដ្ឋ ឃើញបទល្មើសជាក់ស្តែង ត្រូវតែចាប់ឃាត់ខ្លួនតែម្តង

អភិបាលខេត្តត្បូងឃ្មុំថាឲ្យតែមានការញុះញង់ បំផុសបំផុលពលរដ្ឋ ឃើញបទល្មើសជាក់ស្តែង ត្រូវតែចាប់ឃាត់ខ្លួនតែម្តង

ខេត្តត្បូងឃ្មុំ៖លោកជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ បានប្រាប់ទៅអាជ្ញាធរសមត្ថកិច្ចថាត្រូវកំណត់អត្តសញ្ញាណឲ្យបានជាក់លាក់នូវអ្នកតវ៉ាដោយខុសច្បាប់ អ្នកញុះញង់ និងមេខ្លោងដែលនៅពីក្រោយរឿងនេះ ដើម្បីឈានទៅវែកមុខយកមកចាត់ការទៅតាមនីតិវិធីច្បាប់ បញ្ចប់បញ្ហាឲ្យបានឆាប់ ព្រោះថានៅទីនេះជាចំណុចដ៏ក្តៅគគុក ដោយកន្លងមកអ្នកនយោបាយមួយចំនួនតូចបានយកទីតាំងនេះ ដើម្បីកេងចំណេញនយោបាយ។ អភិបាលបញ្ជាក់ថាក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនត្រូវប្រងើយកន្តើយនោះឡើយ ឲ្យតែមានការញុះញង់បំផុសបំផុល ប្រជាពលរដ្ឋ ឃើញបទល្មើសជាក់ស្តែង ត្រូវតែចាប់ឃាត់ខ្លួនតែម្តង។

ការដាក់បទបញ្ជានេះធ្វើឡើងនៅថ្ងៃទី២៦ខែសីហា ឆ្នាំ២០២០នេះ ក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធប្រជុំនៅសាលប្រជុំសាខាគយនិងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង លើបញ្ហាដីធ្លីតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

លោកជាម ច័ន្ទសោភ័ណ បានលើកឡើងថាកិច្ចប្រជុំនេះដើម្បីផ្សព្វផ្សាយនិងពង្រឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ពិសេសពិនិត្យ ពិភាក្សារៀបចំដាក់ផែនការ សុំអនុសាសន៍ និងប្រតិបត្តិការទប់ស្កាត់ការទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់លើដីសំណល់ពីការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពញាក្រែក និងស្រុកមេមត់ ដែលភាគីទាំងពីរមិនទាន់ធ្វើពិធីប្រគល់ទទួលនៅឡើយ។

អភិបាលខេត្តត្បូងឃ្មុំបញ្ជាក់ថាកងកម្លាំងទាំង៣អាជ្ញាធរស្រុកនិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែថែរក្សាឲ្យខានតែបាននូវការចូលកាន់កាប់ដីដោយខុសច្បាប់ ពីសំណាក់ជនខិលខូច ក៏ដូចជាប្រទេសជិតខាង សូម្បីតែ១មីលីម៉ែត្រក៏ដោយ ត្រូវតែធ្វើឲ្យខានតែបាន ដោយម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត។

លោកជាម ច័ន្ទសោភ័ណ ក៏បានចាត់ឲ្យរដ្ឋបាលស្រុកនិងកងកម្លាំងវរៈការពារព្រេំដែន ត្រូវបន្តធ្វើវេទិការសាធារណៈផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ជ្រួតជ្រាបជុំវិញបញ្ហាដីធ្លីនេះ។ដោយឡែកបើប្រជាពលរដ្ឋ ដែលខ្វះដីនិងមិនមានដីពិតប្រាកដនោះ ត្រូវស្នើសុំមករដ្ឋបាលខេត្ត ដើម្បីរៀបចំឲ្យបងប្អូននូវដីសម្បទានសង្គមកិច្ច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕SRP