ខេត្តសៀមរាប៖នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យបញ្ហាដែលនៅសេសសល់ រាល់ការឆ្លើយតប និង ដោះស្រាយនូវរាល់សំណួរ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប នាថ្ងៃទី២៥ ខែ សីហា ម្សិលមិញលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានថ្លែងថាមន្ទីររ៉ែនិងថាមពល ត្រូវពិនិត្យឱ្យបានល្អិតល្អន់ និងតាមដានរាល់សកម្មភាពការជីកយកអាចម៍ដីទៅលក់ត្រូវធ្វើការស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវ ហើយការជីកយកអាចម៍ដីក៏ត្រូវទៅតាមអាជ្ញាប័ណ្ណ ព្រោះការអនុវត្តលើសអាជ្ញាប័ណ្ណនឹងធ្វើឱ្យមានផលពិបាកដល់ពលរដ្ឋ។
លោក ង៉ាន់ ភិរុណ បញ្ជាក់ថាចំពោះអាជីវកម្មណាដែលពុំមានការស្នើសុំច្បាប់ប្រកបអាជីវកម្មអាជ្ញាធរនិងមន្ទីររ៉ែនិងថាមពលត្រូវសហការគ្នាចុះបិទអាជីវកម្មនិងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់។ ជាមួយគ្នានេះ ក្រុង ស្រុកនិងមន្ទីរត្រូវបន្តសហការគ្នាក្នុងការចុះត្រួតពិនិត្យកន្លែងជីកអាចម៍ណាដែលប្រព្រឹត្តទៅផ្ទុយនឹងច្បាប់និងខុសពីអាជ្ញាប័ណ្ណ៕SRP