ខេត្តសៀមរាប៖នៅទីបំផុតជនដៃដល់ដែលបានកាប់សម្លាប់មនុស្សនៅត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប ត្រូវបានកម្លាំងព្រហ្មទណ្ឌនៃបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនបានហើយ។
មន្ត្រីកងរាជអាវុធហត្ថបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថា ករណីឃាតកម្ម កាលពីយប់ ថ្ងៃទី១៩ សីហា កន្លងទៅនេះ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ ចំនួនពីរនាក់ និងបក្ខពួក៤នាក់ទៀត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចទីតាំងផ្សេងៗគ្នា។
បើតាមមន្ត្រីអាវុធហត្ថថា ក្រុមជនដៃដល់ មានមានគ្នាប្រមាណជាង១០នាក់ ឯណោះ។ ខណ:នេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីស្វែងរកចាប់ខ្លួន មកផ្តន្ទាទោស តាមច្បាប់។
សូមរំលឹកថាកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខសណ្ឋាគារសុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនដៃដល់ មានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿង មកកាប់ប្រហារ ទៅលើជនរងគ្រោះបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់ និងពីរនាក់ទៀតមិនមានរបួស។ ទោះយ៉ាងណាពាក់ព័ន្ធករណីខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត នៅមិនទាន់ផ្តល់ព័ត៌មាន លម្អិតនៅឡើយទេ។ ប៉ុន្តែថាចាប់បានមនុស្ស៦នាក់ជនដៃដល់ចំនួន២នាក់។ ជាមួយនឹងព័ត៌មានខាងលើនេះដែរ ពលរដ្ឋ សម្តែងការសាទរ យ៉ាងខ្លាំង ចំពោះកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានខិតខំវែកមុខបំបែកសំណុំរឿងនេះបានយ៉ាងឆាប់រហ័ស៕SRP
ឈាមស្រែកស្បែកហៅ ប៉េអឹមចាប់បានហើយ ជនដៃដល់កាប់សម្លាប់មនុស្ស នៅមុខសណ្ឋាគារសុខាសៀមរាប