ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាបបានបំបែកសំណុំរឿងករណីឃាតកម្មវាយសម្លាប់បងថ្លៃរបស់ខ្លួន កាលពីជាង ១ឆ្នាំមុន ក្រោយរត់ទៅសម្ងំលាក់ខ្លួននៅខេត្តពោធិ៍សាត់។ ការចាប់ខ្លួននេះ ធ្វើឡើងកាលថ្ងៃទី១៦ខែសីហា នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងនាំយកមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីយកទៅធ្វើត្រាប់។
របាយការណ៍របស់ប៉ូលិសក្រុងសៀមរាបបង្ហាញថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានស្ត្រីឈ្មោះសុគុណ វីឡា អាយុ៣៩ឆ្នាំរស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប បានមករាយការណ៍ថា ខ្លួនបានបាត់ប្តីឈ្មោះញ៉ាង វណ្ណនី អាយុ៤៣ឆ្នាំ តាំងពីខែឧសភា ឆ្នាំ២០១៩ ដោយមិនដឹងជាទៅទីណា។ក្រោយពីទទួលដំណឹងកម្លាំងនគរបាលក្រុងសៀមរាប ក៏បានជួយ ស្រាវជ្រាវ និងប្រកាសស្វែងរក ។ លុះដល់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយប៉ុស្តិ៍សង្កាត់សំបួររាយការណ៍ថា នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប មានធុំក្លិនស្អុយចេញពីពំនូកដីនៅរោងផ្ទះបាយ ឈ្មោះ ញ៉ាង វណ្ណនី(ស្ត្រីបាត់ប្តី)។ ករណីនេះលោកវរសេនីយ៍ទោនួន ស័ក្តិចំរើនរិទ្ធ អធិការរង បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ នឹងបានជីកគាស់ ទើបដឹងថាជាសាកសពរបស់មនុស្ស។
របាយការណ៍បង្ហាញទៀតថា ក្រោយពេលធ្វើកោសល្យពិច័យទើបដឹងថា សាកសព មនុស្សស្លាប់ ដោយអំពើឃាតកម្ម ដែលជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ ជាប្តីរបស់ឈ្មោះសុគុណ វីឡា ដែលបានបាត់ខ្លួនក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ។
របាយការណ៍បានបញ្ជាក់ទៀតថាបានបើកការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ និងបានកំណត់មុខសញ្ញាជនសង្ស័យ គឺមានឈ្មោះសុគុណ ច័ន្ទតារា ភេទប្រុស អាយុ៣២ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ឈ្មោះសុគុណ វីឡា នឹងត្រូវជាប្អូនថ្លៃជនរងគ្រោះ ។
របាយការណ៍បានបញ្ជាក់បន្ថែមថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ ជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី នឹងចបកាប់ ចំលលាដ៍ក្បាល ចំនួន២កន្លែង វាយដៃអោយបាក់ រួចអូសយកសពទៅកប់នៅផ្ទះខាងក្រោយផ្ទះពិតមែន។ មូលហេតុ មានទំនាស់ពេលផឹកស៉ី បណ្តាលអោយក្លាយជាគំនុំ។ជនសង្ស័យ ត្រូវបាន បញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០ និងត្រូវបានតុលាការសំរេចឃុំខ្លួនតាមដីកាលេខ១០៦៦/២០២០៕ SRP
