ខេត្តសៀមរាប៖គម្រោងរីសតនិងពុះដីឡូត៍លក់របស់ឧកញ៉ាមាសសត្យាបានកំពុងដំណើរការដោយឈូសឆាយរំលោភបំពានលើដីគម្របព្រៃឈើរបស់រដ្ឋជាង១៥០ហិកតា។ករណីនេះខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបអះអាងថានឹងចុះទៅពិនិត្យ ហើយអនុវត្តតាមច្បាប់។
ទីតាំងរីសតនិងពុះជាដីឡូត៍របស់ឧកញ៉ាមាសសត្យាស្ថិតក្នុងភូមិប្រិយ៍ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រីខេត្តសៀមរាប ត្រង់ចំណុចខាលិច ឬក្រោយវត្តប្រិយ៍ ប្រហែល៥០០ម៉ែត្រ។
ទីតាំងខាងលើក្នុងពេលកន្លងមកនិងបច្ចុប្បន្នត្រូវបានឧកញ៉ាខាងលើដាក់ពង្រាយគ្រឿងចក្រប្រមាណជិត២០គ្រឿងធ្វើសកម្មភាពឈូសឆាយដីព្រៃយ៉ាងគគ្រឹកគគ្រែងតែអាជ្ញាធរមានសមត្ថកិច្ចហាក់ធ្វើមិនដឹងរឿងអីសោះ ទុកឲ្យគ្រឿងចក្រធ្វើការឈូសឆាយទាំងកម្រោល។ករណីនេះកំពុងធ្វើអោយមានការងឿងឆ្ងល់ថា តើវាមានហេតុផលអី?។
អ្នកភូមិម្តុំវត្តប្រិយ៍និយាយថាព្រៃខាងលើនេះពីមុនមកមិនមាននណាម្នាក់ហ៊ានកាប់គាស់ធ្វើស្រែចំការឡើយព្រោះជាតំបន់ហាមឃាត់។ ក្រុមអ្នកភូមិក៏បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត ដោយលើកហេតុផលថា ក្នុងរយ:កាលកន្លងមកនេះពួកគាត់ទទួលរងនូវការចាប់ចង ដោយសារតែឈូសព្រៃច្រើននាក់មកហើយព្រោះមិនដឹងថាជាប់គម្របព្រៃឈើរបស់រដ្ឋ។តែឧកញ៉ាមាសសត្យាហេតុអីមិនរងការចាប់ចងដូចពួកគាត់? ឬមួយថាងារជាឧកញ៉ាច្បាប់និងសមត្ថកិច្ចមិនហ៊ាន?។ ពួកខ្ញុំពលរដ្ឋ ហ៊ានត្រឹមតែឆ្ងល់ប៉ុណ្ណោះ។តែក៏ចង់អោយស្ថាប័នច្បាប់ អនុវត្តដោយកុំមើលម្ខាងជាពលរដ្ឋ ហើយម្ខាងជាឧកញ៉ា។
ជួបសម្ភាសន៍ផ្ទាល់អភិបាលស្រុកបន្ទាយស្រីលោកឃឹម ហ្វីណង់បានលើឡើងថាគម្រោងដីពុះឡូត៍នៅក្នុងស្រុកបន្ទាយស្រីគឺគ្មានច្បាប់ទាំងអស់។ទោះបីម្ចាស់ពុះឡូត៍ហើយក៍ដោយតែអាជ្ញាធរស្រុកមិនអាចកាត់ឈ្មោះអោយនោះឡើយ។
លោកអភិបាលបន្តថាចំពោះគម្រោងដីឡូត៍និងរីសតរបស់ឧកញ៉ាមាស សត្យាក៏មិនមានសុំច្បាប់ពីអាជ្ញាធរស្រុកដែរ។តែគេអាចសុំទៅថ្នាក់លើក៏មិនដឹងព្រោះខាងស្រុកមានសិទ្ធិអនុញាតិច្បាប់ត្រឹមតែលើទំហ៊ំដី៥០០០ម៉ែត្រការ៉េប៉ុណ្ណោះ។លោកអភិបាលបញ្ជាក់ថា បើដីមានលិខិតកាន់កាប់ យើងមិនអាចហាមឃាត់ការឈូសឆាយរៀបចំរបស់គេបានទេ។ប៉ុន្តែបើគេបោះបង្គោលពុះជាឡូត៍ដាក់ស្លាកលក់ ឬសាងសង់អ្វីមួយយើងចុះទៅហាមឃាត់ភ្លាម។
លោកឧកញ៉ាមាស សត្យា នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២០នេះបានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ថាទីតាំងដីរបស់លោកកំពុងរត់ច្បាប់រៀបចំធ្វើចម្រោះទឹកស្អាត។ពេលបន្ទាប់ធ្វើរីសតនិងពុះជាឡូត៍។លោកបន្តថាដីរបស់លោកមានលិខិតកាន់កាប់ហើយរឿងជាប់គម្របព្រៃឈើលោកមិនដែលដឹងទេ។គឺមិនមានជាប់អ្វីឡើយ។ចឹងទេការងារលោកនៅតែបន្តធ្វើ។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបញ្ជាក់តាមប្រពន្ធ័ តេឡេក្រាមនៅព្រឹកថ្ងៃទី១៣ខែសីហានេះថា ដីដែលឧកញ៉ាមាស សត្យា កំពុងឈូសឆាយគឺជាប់គម្របព្រៃឈើរបស់រដ្ឋទាំងអស់។ លោកបន្តថាពេលនេះមន្ត្រីនិងនាយសង្កាត់រដ្ឋបាលព្រៃឈើកំពុងចុះពិនិត្យ។
ទោះជាបែបនេះក្តីលោកនាយខណ្ឌនៅមិនទាន់ឆ្លើយតបថានឹងចុះទៅផ្អាកសកម្មភាពឈូសឆាយដីគម្របព្រៃឈើរដ្ឋពីសំណាក់លោកឧកញ៉ាមាសសត្យាឬយ៉ាងណានោះទេ។ប៉ុន្តែលោកធ្លាប់បញ្ជាក់ថាជនណាដែលរំលោភកាន់កាប់ដីព្រៃរបស់រដ្ឋត្រូវតែអនុវត្តតាមច្បាប់។យោងតាមការបញ្ជាក់របស់នាយខណ្ឌគេរំពឹងថាទីតាំងដីដែលឧកញ៉ាមាសសត្យាកំពុងឈូសឆាយអាចនិងផ្អាកសកម្មភាព ហើយអនុវត្តតាមផ្លូវច្បាប់៕SRP