ខេត្តសៀមរាប៖បន្ទាប់ពីមានការបង្ហើបព័ត៌មាននិងការបង្ហោះតាមហ្វេសប៊ុកថាម្ចាស់ឡាននេះជាប៉ូលីសម្នាក់ធ្វើការនៅស្នងការនគរបាលខេត្តសៀមរាបបែកថ្នាំនិងប្រើប្រាស់គ្រឿងញៀន ស្នងការនគរបាលខេត្តសៀមរាបសុំបកស្រាយករណីនេះ។
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរកឃើញថា កម្មសិទ្ធិករ និងអ្នកបើកបររថយន្តម៉ាក Mazda ពាក់ស្លាកលេខ នគរបាល 2-2355 ដែលបានចតនៅចំណុចជិតរបងវត្តគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាបនោះ គឺលោកអនុសេនីយ៍ទោ សាង រ៉ាយូ នាយរងការិយាល័យនៃស្នងការនគរបាលខេត្តសៀមរាប ។
បន្ទាប់ពីទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក្រុមការងារអនុវត្តវិន័យនៃស្នងការដ្ឋាន បានកោះហៅសាម៉ីខ្លួនខាងលើមកធ្វើការបំភ្លឺ ក្នុងនោះលោកអនុសេនីយ៍ទោ សាង រ៉ាយូ បានបញ្ជាក់ថា លោកពិតជាបានបើកបររថយន្តពាក់ស្លាកលេខនគរបាលខាងលើនោះពិតប្រាកដមែន គឺបើកបរចេញពីកន្លែងហូបចុកជាមួយមិត្តភក្កិ ក្នុងស្ថានភាពស្រវឹង ទើបលោកសម្រេចចិត្តចតរថយន្តនៅចំណុចខាងលើដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក៏ដូចជាអ្នកដទៃ ។
បន្ទាប់ពីការបំភ្លឺ ជំនាញបានយកទឹកនោមសាមីខ្លួនខាងលើ ដើម្បីទៅពិនិត្យវិភាគស្វែងរកសារធាតុញៀន ។ ក្នុងករណីនេះប្រសិនរកឃើញមានសារធាតុញៀនថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ឈានដល់ការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិបន្ថែមផងដែរ។
ទោះយ៉ាងណាក្នុងនាមថ្នាក់ដឹកនាំស្នងការនគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ជាមួយគ្នានេះដែរ
សូមអំពាវនាវសូមបងប្អូនកុំធ្វើការសន្និដ្ឋានវាយតម្លៃដោយខ្វះមូលដ្ឋានស៊ើបបញ្ជាក់ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការសន្និដ្ឋាននោះ មានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័ន៕SRP