អភិបាលខេត្តកំពង់ចាម ចុះ​ដោះស្រាយ​បញ្ហា​​វិវាទ​ដី នៅតំបន់មេទឹកសារាយ

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់​ដា​ អភិបាលខេត្ត​កំពង់ចាម​ ​​នៅថ្ងៃទី១០ ខខែសីហាព្រឹកមិញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​​ ​ដី​មាន​ទំនាស់​នៅតំបន់​មេទឹក​សារាយ ស្ថិតក្នុងភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ដេីម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ជូន​ប្រជាពលរដ្ឋ​។
មន្ត្រី​សាលា​ខេត្ត​បាន​ឲ្យដឹង​​ថា​ បញ្ហា​វិវាទ​ដីធ្លី​តំបន់​មេទឹក​សារាយ​នេះ​ គឺបាន​កើត​មាន​ឡើង​ជា​យូរយារ​ណាស់​មក​ហើយ​ រវាង​ប្រជា​សហគមន៍​ និង​ប្រជាពលរដ្ឋ​ខាង​ក្រៅ​តំបន់​ បានទាមទារ​ផល​ប្រយោជន៍​រៀងៗខ្លួន​ ​លេី​ផ្ទៃដី​ដី​ដែលមាន​ទំហំ​ជាង​១៦​ហិកតា​ ។ អាជ្ញាធរខេត្ត ក៏​ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ បាន​ធ្វេី​ការ​ដោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សារ​​ទៀត​ផង​​ ។

មន្ត្រី​បាន​ឲ្យដឹង​ទៀត​ថា​ ដី​តំបន់​មេទឹក​សារាយ​​នេះ​ ជា​ដី​របស់​រដ្ឋ​ ដែល​មាន​ប្រយោជន៍​សម្រាប់​បងប្អូន​​ប្រជាពលរដ្ឋ​ ធ្វេី​ការ​អាស្រ័យ​ផល​ ក្នុង​ការ​បង្កបង្កើនផល​ដំណាំស្រូវ​​វស្សា​និង​ស្រូវប្រាំងផងដែរ​ ។ក្នុង​ដំណើរ​​អញ្ជើញ​ចុះ​ពិនិត្យ​នេះ​ លោក​​ អ៊ុន ចាន់ដា បាន​ដោះស្រាយ​តាម​គោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បីជាប្រយោជន៍ទាំងសងខាង ពោលគឺប្រយោជន៍របស់ប្រជាពលរដ្ឋ និងការរក្សាផ្ទៃដី របស់រដ្ឋសម្រាប់ជាទីកន្លែង រក្សាប្រភពទឹក​ ផ្ដល់ជូនប្រជាពលរដ្ឋស្រោចស្រពផលដំណាំ នៅក្នុងតំបន់នេះ៕SRP