ខេត្តសៀមរាប៖ប្រជាពលរដ្ឋ១២៧គ្រួសារដែលមានក្បាលដី១៥៧ប័ណ្ណ ស្ថិតក្នុងភូមិខ្នាររង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី បានទទូចសុំអោយអាជ្ញាធរខេត្ត ជួយពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដី ដល់ពួកគាត់បន្ទាប់ពីរងចាំអស់រយ:ពេលច្រើនឆ្នាំ។ ករណីនេះ មន្ត្រីសាលាខេត្តសៀមរាប ដែលជាអ្នកកាន់ឯកសារដី បញ្ជាក់ថា បានបញ្ជូនទៅក្រសួងអស់ហើយ។
លោកស៊ា ថាច ប្រជាពលរដ្ឋក្នុងចំណោម១២៧ គ្រួសារបានប្រាប់អ្នកសារព័ត៌មានថា ក្បាលដីទាំង១៥៧ប័ណ្ណ ដែលស្ថិតក្នុងភូមិខ្នាររង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី នេះ កាលពីឆ្នាំ២០១២ ខាងនិស្សិតបានចុះវាស់រួចអស់ហើយ។ ក្នុងពេលជាមួយគ្នានោះ ក៏មានឈ្មួញមួយក្រុមដើរទិញដី លុះពេលពលរដ្ឋពួកគាត់មិនព្រមលក់ ដោយរក្សាទុកសម្រាប់ធ្វើស្រែចំការ ក៏លេចមុខមនុស្ស៣នាក់ប្តឹងជំទាស់។ ដោយសារមានបណ្តឹងជំទាស់ ខាងនិស្សិតមិនបានចេញប្លង់អោយទេ ដោយទុកឱកាសអោយដោះស្រាយគ្នាសិន។ លោកបន្តថា លុះឆ្នាំ២០១៥ អ្នកប្តឹងជំទាស់ទាំង៣នាក់ គឺឈ្មោះហង្ស ម៉ៅ.ឡុង វ៉ាន់ថា និងងូវ ប៉េងតារាវ៉ាន់ បានដកបណ្តឹងវិញអស់។ ពេលបន្ទាប់ពួកគាត់ក៏បានស្នើសុំទៅស្រុកដើម្បីបន្តឯកសារជាថ្មី។ ប៉ុន្តែមកទល់ពេល នេះបាត់ដំណឹង មិនដឹងថា ឯកសារនោះមានបញ្ហាអី។
ក្នុងករណីនេះលោកឃឹម ហ្វីណង់ នៅល្ងាចថ្ងៃទី១០ខែសីហានេះបានថ្លែងប្រាប់តាមទូរស័ព្ទថា ដីខាងលើក្រោយពេលបញ្ចប់វិវាទ លោកបានរៀបចំឯកសារបញ្ជូនមកសាលាខេត្តរួចហើយ។ ចឹងទេគ្រប់យ៉ាងផុតពីដៃលោកហើយ។
ក្រុមប្រជាពលរដ្ឋខាងលើ ក៏បានអោយដឹងថា ដោយបាត់ដំណឹងអំពីឯកសារដីនេះយូពេក ពួកគាត់ក៏បាននាំគ្នាទៅសាកសួរ ខាងមន្ទីរសុរិយោដីខេត្ត ហើយខាងមន្ទីរបញ្ជាក់ថា ឯកសារបញ្ជូនទៅខេត្តរួចហើយដែរ។ ពួកគាត់(ពលរដ្ឋខាងលើ) បញ្ជាក់ថា ដោយមិនដឹងថា ឯកសារនៅស្ទះត្រឹមណាពិតប្រាកដ ពួកគាត់សុំអោយអាជ្ញាធរពន្លឿនក្នុងការបញ្ជូនឯកសារ ដើម្បីបានផ្តល់ប័ណ្ណកម្មសិទ្ធិដីដល់ពួកគាត់។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប លោកលី សំរិទ្ធ បានមានប្រសាសន៍ថាឯកសារបានបញ្ជូនទៅក្រសួងអស់ហើយ។តែបើចង់ដឹងលម្អិតសុំសួរទៅមន្ត្រីកាន់ឯកសារ។
លោកអឹង សុភ័ណ មន្ត្រីសាលាខេត្តសៀមរាបបានបញ្ជាក់ថា ឯកសារដីនោះ មិនមានកកស្ទះនៅសាលាខេត្តទេ គឺបានបញ្ជូនទៅក្រសួងអស់ហើយ។ លោសុភ័ណថា ករណីនេះគឺរងចាំតែការ អនុវិយោគពីរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ បើរាជរដ្ឋាភិបាលសម្រេច សាលាខេត្តនិងចុះទៅផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់៕SRP