ឆ្នោតកន្ទុយលេខ កំពុងពេញនិយមខ្លាំង នៅស្រុកខ្សាច់កណ្តាល

ឆ្នោតកន្ទុយលេខ កំពុងពេញនិយមខ្លាំង  នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ឆ្នោតកន្ទុយលេខវៀតណាម កំពុងពេញនិយមខ្លាំង
នៅស្រុកខ្សាច់កណ្តាល ប៉ុន្តែគេមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ។
សេចក្តីរាយការណ៍បានឱ្យដឹងថា មេកញ្ច្រែង និងមេឆ្នោតកន្ទុយលេខវៀតណាមដុះស្លែរធំៗ នៅម្តុំផ្សារព្រែកតាមាក់ស្ថិតក្នុងភូមិក្នុង,ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានដូចជា មីងថាច ស្រីខួច ចែលាភ ពូចេង មីងរាំង ពូឈាង និងលោកខេម៉ារិន ជាដើមដោយ
បានដាក់ពង្រាយកូនកញ្ច្រែងនៅតាមបណ្តាលភូមិ,ឃុំដើម្បីចុះកត់ និងប្រមូលកន្ទុយលេខវៀតណាមកឲ្យពួកខ្លួន មិនតែប៉ុណ្ណោះតម្រូវឱ្យដើរពង្វក់ស្មារតីពលរដ្ឋដល់ផ្ទះៗ និងនៅតាមទីប្រជុំជន ជាពិសេសនៅកន្លែងផ្សារត្រីជារៀងរាល់ថ្ងៃ ដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរចុះហាមឃាត់នោះឡើយ។
គួររំលឹកថា អ្វីដែលជាទីចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននិងល្បែងកន្ទុយលេខវៀតណាមទាំងនេះគឺជាមេគុណសងមកវិញរាប់រយដង។
បើសិនយើងចាក់ត្រូវ១មុឺនរៀលដើមស្មើនឹង(១០,០០០*៨០០)=៨០មុឺនរៀល វាជាភាគរយត្រូវខ្ពស់បំផុតទើបនាំឲ្យពលរដ្ឋផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លុកទឹកភ្លុកដីបែបនេះ។
ប៉ុន្តែក្នុងនោះអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ អាចកើតជាជម្លោះ ក្នុងគ្រួសារ និង អំពើចោរកម្មផងដែរ។ ការមានល្បែងកន្ទុយលេខបែបនេះបានផ្ទុយនិងលក្ខណៈភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច ទៀតផង។

ពាក់ព័ន្ធករណីខាងលើនៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ លោក ម៉ែន
សុខឃឿន អធិការនគបាលស្រុកខ្សាច់កណ្តាល មិនអាចសុំការបកស្រាយបានទេ ព្រោះទូរស័ព្ទចូលហើយបានចុចបិទ។ ប៉ុន្តែលោក សោម រ៉ាវុធ មេប៉ុស្តិ៍ព្រែកតាមាក់ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា លោកចូលរួមសហកាណ៍ជាមួយអ្នកសារព័ត៌មានជានិច្ច បើសិនជាឃើញគេកត់ឆ្នោតសូមរាយការណ៍មក។

ទោះជាយ៉ាងណាក្ដីមជ្ឈដ្ឋាននានា ទាមទារឱ្យសមត្ថកិច្ចស្រុកខ្សាច់កណ្តាល ជាពិសេសគឺលោក ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល មានវិធានការបង្ក្រាបល្បែងស៊ីសង នៅស្រុកខ្សាច់កណ្តាល ឱ្យមានប្រសិទ្ធភាពផង៕SRP