ខេត្តសៀមរាប៖អភិបាលខេត្តបានថ្លែងថាខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួន បណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកខាងមុខនេះ (ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ដោយអាជ្ញាធរក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកំសាន្ត។
ពាក់ព័ន្ធកម្មវិធីនេះក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ ពាក់ព័ន្ធលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សម្រាកនិងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ នៅរដ្ឋបាលខេត្តនាថ្ងៃទី០៧ ខែសីហា ម្សិលមិញ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវសេចក្តីព្រាងកម្មវិធីមួយចំនួន៖១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីជិះទូកកម្សាន្ត
៨.កម្មវិធីកីឡាវាយកូនហ្គោល
៩.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
១០.ផ្ទាំងទស្សនីយភាពសិល្បៈ។
ក្នុងកិច្ចប្រជុំលោកទៀ សីហា បានបញ្ជាល់ថាយើងមិនត្រឹមតែរៀបចំសោភ័ណភាពនិងកន្លែងកម្សាន្តនោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ។ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរលោកក៏បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕SRP