លោកអ៊ុន ចាន់ដា ចុះ​ពិនិត្យ​ ការបង្កបង្កើនផល ស្រូវវស្សា របស់ប្រជាកសិករ

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​៣១​ ខែកក្កដាម្សិលមិញ បានដឹកមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលកំពុងប្រមូលផលប្រមាណ៥១២ហិកតា​ ដោយ​តំបន់នេះ​ប្រេីប្រាស់​ប្រភពទឹក​ចេញ​ពី​អាងទឹកឆា។
លោកអ៊ុន ចាន់ដា កក៏បានបន្តពិនិត្យផ្ទៃដីរងផលប៉ះពាល់នៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ចំនួន៩៤ហិចតា ដោយសារនៅក្នុងភូមិសាស្រ្តនេះពុំ​មាន​ប្រភពទឹកសម្រាប់ស្រោចស្រព។
ក្នុងដំណើរចុះពិនិត្យស្រូវរបស់កសិករ លោកអ៊ុន ចាន់ដា បានជម្រុញលើកទឹកចិត្តដល់ ប្រជាកសិករឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ។ ចំពោះ​តំបន់ដែលរងផលប៉ះពាល់ លោក​ បានធ្វើការណែនាំដល់មន្ទីរជំនាញ ឲ្យធ្វើការសិក្សាលើកជាគម្រោងកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈ​ ងាយស្រួលជូនដល់ប្រជាពលរដ្ឋ៕SRP