ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្នងការរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបង្ហោះព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិតបង្កប៉ះពាល់ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប៉ះពាល់កិត្តិយសនគរបាលជាតិ និងការជំរុញឱ្យក្រុមការងារព័ត៌មាននិងប្រតិម្មហ័ស
បន្តយកចិត្តទុកដាក់ពង្រឹងតាមដានត្រួតពិនិត្យផេកឬអាខោនហ្វេសប៊ុកក្លែងក្លាយដែលបង្ហោះព័ត៌មានតាមបណ្តាញសង្គមមានចេតនាបំផ្លើសបំភ្លៃនិងបំពុលសង្គមបង្កភាពវឹកវរត្រូវស្រាវជ្រាវឆ្លើយតបវាយបកឱ្យលឿនឆាប់រហ័សដើម្បីបន្សាបព័ត៌មាននោះឱ្យទាន់ពេលវេលាកុំឱ្យមហាជនមានការយល់ច្រឡំ។
ការព្រមាននេះបន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះមានការបង្ហោះព័ត៌មានតាមផេកនិងអាខោនហ្វេសប៊ុកខ្លះនៅក្រៅប្រទេសបានបង្ហោះព័ត៌មានករណីចងកសម្លាប់ខ្លួនឯងនៅខណ្ឌដូនពេញបំភ្លៃចោទថាដោយសារជំពាក់បំណុលធនាគារវ័ណ្ឌក និងក៏ត្រូវបានក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្នងការប្រញ៉ាប់បកស្រាយនិងបំភ្លឺជូនមហាជនឡើងវិញដើម្បីកុំឱ្យមានការភាន់ច្រឡំនិងករណីម្ចាស់អាខោនហ្វេសប៊ុកមួយចំនួនទៀតនៅក្នុងប្រទេសបានបង្ហោះឬនិយាយព័ត៌មានចបំភ្លៃពីការពិតប៉ះពាល់សន្តិសុខសណ្តាប់សង្គមនិងនិយាយចោទប្រកាន់សមត្ថកិច្ចនគរបាលគ្មានមូលដ្ឋានច្បាស់លាស់បង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងក៏បាននាំខ្លួនម្ចាស់អាខោនហ្វេសប៊ុកទាំងនោះមកអប់រំជាបន្តបន្ទាប់និងឱ្យធ្វើកិច្ចសន្យាដើម្បីបញ្ចប់សកម្មភាពផងដែរ។
ពាក់ព័ន្ធនិងបញ្ហាការបង្ហោះព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិតនេះផងដែរ លោក ស ថេត ក៏បានលើកឡើងគ្រោងនិងរកអ្នកច្បាប់ប្រចាំស្នងការរាជធានីភ្នំពេញដើម្បីពិនិត្យទៅលើអង្គហេតុដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបង្ហោះទាំងនោះផងដែរ។ ពីព្រោះគ្រាន់តែការអប់រំអ្នកខ្លះនៅមិនរាងចាលនោះទេ។
លោក ស ថេត ក៏បានណែនាំដល់ អធិការទាំង១៤ខណ្ឌនិងនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលទាំងអស់និងការិយាល័យជំនាញ ត្រូវបន្តខិតខំដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានប្តឹងរាយការណ៍សរសេរសារខំមិន (comment)ចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឬផេករបស់លោក ដែលឱ្យជួយដោះស្រាយការងារសន្តិសុខ និងការផ្តល់សេវារដ្ឋបាល។
សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្រ្តីសមាជិកក្រុមការងារក៏បានលើកឡើងពីលទ្ធផលការងារដែលសម្រេចបានរយៈពេលកន្លងមកក្នុងការឆ្លើយតបវាយបកបន្សាបព័ត៌មានបំពុលសង្គម និងក៏បានដោះ ស្រាយបញ្ហាមួយចំនួននូវការប្តឹងរាយការណ៍របស់ប្រជាពលរដ្ឋសរសេរសារចូលក្នុងផេកស្នងការរាជធានីភ្នំពេញ និងផេករបស់លោកស្នងការពាក់ព័ន្ធការងារសន្តិសុខសណ្តាប់ធ្នាប់និងការផ្តល់សេវារដ្ឋបាលនិងមានការលើកឡើងនូវចំណុចប្រឈមមួយចំនួនទៀតដើម្បីលើកយកមកពិភាក្សានិងបន្តរួមគ្នាដោះស្រាយជូនដល់ប្រជាពលរដ្ឋ៕SRP

