ខេត្តព្រៃវែង៖ ពលរដ្ឋ ប្រជាកាពារ និងអាជ្ញាធរឃុំរាប នគរបាលប៉ុស្តិ៍ បានសហការគ្នា បើកផ្លូវកសិកម្មឬថ្មើរជើងមួយខ្សែទទឹង៤ម៉ែត្រ និងបណ្តោយប្រវែង១៦០០ម៉ែត្រនៅចំណុចកន្លែងរលៀង ស្ថិតភូមិពារាំង ឃុំរាប ស្រុកពារាំង។
លោក ផន សុផល មេឃុំរាប បានលើកឡើងថា ដោយការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចការលំបាក របស់ពួកគាត់ក្នុងការដឹកជញ្ជូនផលកសិកម្ម ទើបសម្រេច ធ្វើផ្លូវនេះឡើង។ លោក ផន សុផល បានបន្តថា ផ្លូវថ្មើរជើងឬផ្លូវកសិកម្មមួយខ្សែនេះបានចាប់ផ្តើមធ្វើនៅអំឡុងដើមខែមិថុនា បានបញ្ចាប់កសាងរួចរាល់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកមេឃុំថា ទំរាំតែ បើកផ្លូវមួយខ្សែនេះបានគឺមិនងាយទេ ត្រូវដើរសម្របសម្រួល ជាមួយពលរដ្ឋដែលមានក្បាលដីជាប់ផ្លូវនឹង ថែមទាំងផ្តល់សំណងពីផលប៉ះពាល់ដល់ពួកគាត់។
លោកបានបញ្ជាក់ថា ផ្លូវនេះ ចំណាយថវិកាអស់ចំនួន៩,៥០០,០០០រៀល ដោយមានការសហការណ៍ និងឧបត្ថមពីសប្បុរសជនក្នុងភូមិពារាំងចំនួន១,៥០០,០០០រៀល និងលោកឧញ្ញ៉ា ប៊ុត ចាន់ធូ ចំនួន៤លានរៀល ព្រមទាំង ថវិកាផ្ទាល់ខ្លួនរបស់លោក៤លានរៀល។
លោក សាន់ សៀប តំណាងឲ្យពលរដ្ឋក្នុងភូមិពារាំង បានថ្លែងថា ខ្ញុំបាទពិតជា រីករាយចំពោះការសហកាណ៍ របស់ប្រជាពលរដ្ឋ ដែលបានរួមគ្នាបើកផ្លូវមួយខ្សែនេះ ដើម្បីជាប្រយោជន៍រួម ក្រោមការសម្របសម្រួលពីថ្នាក់ដឹងនាំស្រុកពារាំងជាពិសេស អាជ្ញាធរឃុំរាប តែម្តង។
លោក សាន់ សៀប បានសុំសំណូមពរដល់ពលរដ្ឋ ទាំងអស់ ដែលអាស្រ័យផលឬប្រើប្រាស់លើផ្លូវមួយខ្សែនេះត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះជាសម្បត្តិរួមរបស់ពួកយើងទាំងអស់គ្នា។
ជាមួយគ្នានេះ លោក ផន សុផល មេឃុំរាប ក៏បានចែកសារ៉ុង ដល់ពលរដ្ឋ កងកំលាំងនគរបាលប៉ុស្តិ៍និងប្រជាការពារភូមិមួយចំនួនផងដែរ៕SRPដោយសូ សុខា

