ប៉ូលិសច្រានចោល ព័ត៌មានផ្សាយថា ស្រុកព្រៃឈរ មានល្បែងជល់មាន់

ខេត្តកំពង់ចាម៖នគរបាលខេត្តកំពង់ចាមបានធ្វើការច្រានចោលចំពោះព័ត៌មានដែលផ្សាយថានៅស្រុកព្រៃឈរមានល្បែងស៊ីសងជល់មាន់និងអាប៉ោង។
ភ្នាក់ងារ សៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកនិយមប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជ្រាបជាព័ត៌មានថា៖ ដោយមួយរយៈពេលនេះ មានគេហទំព័ររបស់អ្នកសារព័ត៌មានមួយចំនួន បានយករូបភាពចាស់ៗ ពាក់ព័ន្ធនិងករណីមានក្រុមអ្នកញៀនល្បែងលួចលេងល្បែងសុីសងខុសច្បាប់ ដែលករណីលើកឡើងខាងលើនេះ សមត្ថកិច្ចយើងខ្ញុំបានធ្វើការបង្រ្កាបជាយូរមកហើយ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយើងខ្ញុំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងមឹុងម៉ាត់ ដល់គ្រប់គណៈជំនាញទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ចុះអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយធ្វើការបង្រ្កាបបាន បទល្មើសជាច្រើនករណីមកហើយដែរ កន្លងមកនេះ។

សូមបញ្ជាក់ថា ចំពោះការចុះផ្សាយរបស់ជនខិលខូច តាមរយៈគេហទំព័រអ្នកសារព័ត៌មាន ដែលមិនគោរពវិជ្ជាជីវៈមួយចំនួនតូចនោះ មានចេតនាមិនល្អ ក្នុងរូបភាពចង់បានការទាក់ទាញប្រជាប្រិយភាពតាមរយៈគេហទំព័ ក្នុងបណ្ដាញសង្គមរបស់ខ្លួន ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់អង្គភាពស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាកិត្តិយសរបស់នគរបាលជាតិទាំងមូល។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំមានការយល់ច្រឡំ ចំពោះការចុះផ្សាយ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងរូបភាពមិនពិត ជាចេតនាបំពុលព័ត៌មាន ធ្វើឲ្យមានភាពអាណាធិបតេយ្យក្នុងសង្គម និងសូមបន្ដការសហការជាមួយកម្លាំងសមត្ថកិច្ចយើងខ្ញុំ រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីយើងខ្ញុំចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។
សុំបញ្ជាក់ថារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះគេហទំព័រសារព័ត៌មានមួយចំនួននិងបណ្ដាញសង្គម បានធ្វើការបង្ហោះរូបភាព និងខ្លឹមសារថា នៅស្រុកព្រៃឈរខេត្តកំពង់ចាម មានល្បែងស៊ីសងជល់មាន់និងអាប៉ោង បានបើកលេងយ៉ាងអនាធិបតេយ្យ។ ការផ្សាយបែបនេះត្រូវបាននគរបាលខេត្តកំពង់ចាម ចេញសេចក្ដីបដិសេធ ជាករណីមិនពិត៕SRP