ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​ បេីក​កិច្ចប្រជុំអនុម័ត​សេចក្តី​ព្រាង​ស្តីពី​ផែនការ​ ចំណូល-ចំណាយថវិកា សម្រាប់ឆ្នាំ២០២១ របស់​មន្ទីរ​សុខាភិបាល​​

ខេត្តកំពង់ចាម​៖ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​ បាន​បេីក​កិច្ចប្រជុំ​វិសាមាញ​លេីក​ទី​៥​​ អាណត្តិ​ទី​៣​ របស់​ខ្លួន​ ដេីម្បី​ពិនិត្យ​ និង​អនុម័ត​សេចក្តី​ព្រាង​ស្តីពី​ផែនការ​ចំណូល​-ចំណាយ​ថវិកា​សម្រាប់​ឆ្នាំ​២០២១​ របស់មន្ទីរសុខាភិបាលខេត្ត។
កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​​ លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ព្រមទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​ លោកស្រី​​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

លោក​​ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បាន​លើក​យក​របៀបវារៈ​អំពី​ការអនុម័ត​សេចក្តី​ព្រាង​ស្តីពី​ផែនការ​ចំណូល​-ចំណាយ​ថវិកា​សម្រាប់​ឆ្នាំ​២០២១​ របស់​មន្ទីរ​សុខាភិបាល​ខេត្តមក​ ដើម្បី​អនុម័ត​នាសម័យ​ ប្រជុំវិសាមញនេះ។

បេី​តាម​របាយការណ៍​លោក​វេជ្ជបណ្ឌិត​ គឹម​ ​សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ យោងតាម​សារាចរ​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ស្តីពី​នីតិវិធី​បច្ចេកទេស​ នៃ​ការ​រៀបចំ​គម្រោង​ថវិកា​ របស់​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១​ ។ របាយការណ៍​បាន​បញ្ជាក់ទៀត​ថា​ឥណទាន​ដែល​បាន​គ្រោង​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០២១​ ដែល​មាន​ទឹកប្រាក់​ចំណូល​សរុប​ប្រមាណ​ជាង​៨០លានរៀល​ និង​ទឹកប្រាក់​ចំណាយ​សរុប​ប្រមាណ​ជាង​៤០លានរៀល​ គឺ​ស្រប​តាម​នីតិវិធី​បច្ចេកទេស​នៃ​ការ​រៀបចំ​គម្រោង​ថវិកា​ឆ្នាំ​២០២១​ របស់​ថ្នាក់​ក្រោម​ជាតិ​។
ក្នុងកិច្ចប្រជុំ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ វិស័យ​សុខាភិបាល​ គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ និងសេវា​ដេីរ​ជួរ​មុខ​ ក្នុង​ការចូល​រួមចំណែក​ជា​មួយ​រដ្ឋបាល​ខេត្ត​ ដើម្បី​បម្រើ​លេី​សេចក្តី​ត្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ហេីយ​លោក​អភិបាលខេត្ត​ ក៏​បាន​ជូនពរ​ដល់​ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០២១​ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​ ឲ្យ​​ទទួល​បាន​ផ្លែផ្កា​ប្រកប​ដោយ​ភាព​រីកចម្រេីន​ផងដែរ​៕SRP