ខេត្តត្បូងឃ្មុំ៖លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានផ្ដល់អំណោយសាងសង់ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមានតម្លៃប្រមាណរហូតដល់១,៤លានដុល្លារ និងបំពាក់ដោយបរិក្ខារទំនើបៗ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោក ជា សុផារ៉ា ថ្លែងឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលានិងក្រុងពាលី បើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ក្នុងគ្រាដែលពិភពលោក កំពុងរងនូវការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ត្រូវរក្សាគម្លាតសង្គម ក្នុងសហគមន៍ បើមិនមានការចាំបាច់សូមកុំជួបជុំ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដោយលាងដៃជាមួយសាប៊ូឬអាល់កុល ពិសេសត្រូវតាមដានជាប់ជាប្រចាំនូវសេចក្តីជូនដំណឹងនានារបស់ ក្រសួងសុខាភិបាល។
បើតាមលោកវេជ្ជបណ្ឌិតកែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ ដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំនិងទំនើបថ្មីនេះ មានកម្ពស់៤ជាន់ ទំហំ៤១៣,៧៩៦ ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ ១៣២,២៩០,០ ម៉ែត្រក្រឡា តាមគម្រោងនឹងសាងសង់រួចជាស្ថាពរក្នុងរយៈពេល ១៨ខែ ដោយចំណាយទឹកប្រាក់អស់ប្រមាណ១,៤លានដុល្លារអាមេរិក៕SRP