មន្ទីរបរិស្ថានខេត្តកំពង់ចាម គ្រប់គ្រងសំរាម និងដោះស្រាយបញ្ហាផ្សេងៗ បាន​យ៉ាងល្អប្រសើរ

មន្ទីរបរិស្ថានខេត្តកំពង់ចាម  គ្រប់គ្រងសំរាម និងដោះស្រាយបញ្ហាផ្សេងៗ បាន​យ៉ាងល្អប្រសើរ

ខេត្តកំពង់ចាម៖លោក​​ ហាន​ កុសល​ អភិបាល​រង​ខេត្ត​ បាន​ធ្វេី​ការ​កោតសរសើរ​ និង​​វាយតម្លៃ​ខ្ពស់​ ចំពោះ​​មន្ទីរ​បរិស្ថាន​ ដែល​កន្លងមក​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​​ ក្នុង​ការ​ដាំ​ឈេី​ និង​ការងារ​គ្រប់គ្រង​សំរាម​ ទាំង​ការ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ​ បាន​យ៉ាង​ល្អ​ប្រសើរ​ ។
លោក​​បាន​សង្កត់​ធ្ងន់ថា​ ថ្នាក់ដឹកនាំ​ដែល​ល្អ​ គឺ​ត្រូវ​អោប​ក្រសោប​អ្នក​ដែល​មាន​ចំណេះដឹង​ ហើយ​សូមកុំ​ធ្វើ​នូវ​ទង្វើ​ណា​ដែល​ជា​ការ​ចាប់​កំហុស​គ្នា​ទៅ​វិញ​ទៅមក​​ គឺ​ត្រូវ​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​គ្នា​ទៅ​វិញ​ទៅមក​ ដេីម្បី​ធ្វើ​ការ​កែលម្អ​គ្នា​ទៅ​វិញ​ទៅមក​ ដែល​ជា​ការ​រួម​គ្នា​បង្កើត​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ ដេីម្បី​នាំ​ឲ្យ​មាន​ភាព​ជោគជ័យ​ប្រកប​ដោយ​និរន្តរភាព​។
លោកថ្លែងយ៉ាងដូច្នោះនៅថ្ងៃ២២ ខែកក្កដា​ ឆ្នាំ​២០២០​ព្រឹកមិញក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន​ការិយាល័យ​ និង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម​។

បើតាម លោក​ ហាន​ កុសល​ ថា​ កន្លែង​ធ្វើការ​ជា​កន្លែង​ធ្វើបទពិសោធន៍​ ​មិន​មែន​ជា​សមរភូមិ​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​យកឈ្នះ​យក​ចាញ់​ ដេីម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ក្នុង​ការ​ដណ្តើម​យក​​តួនាទី​មុខ​​តំណែង​ និង​លាភសក្ការៈ​​នោះទេ​ តែ​ជា​កន្លែង​សម្រាប់​សហការី​ទាំងអស់​រួម​គ្នា​​ ធ្វើ​ការ​រិះគិត​ពិចារណា​​ និង​បញ្ចេញ​នូវ​គំនិត​ច្នៃ​ប្រឌិត​​ ដេីម្បី​បង្កេីត​សមិទ្ធផលថ្មីៗ​ នាំ​ភាព​រីកចម្រេីន​មក​ឲ្យ​រដ្ឋបាល​ខេត្ត​​ ផងដែរ។
លោក​ នួន​ គង់សល្យ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម​ ក៏បាន​ធ្វើ​ការសំណូមពរ​ សូម​ឲ្យ​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ មាន​ការ​លេីក​ទឹក​ចិត្ត​ ដល់​ក្រុម​ហ៊ុន​ច្រើន​សម្រាប់​វិនិយោគ​ ការ​ប្រមូល​ដឹក​ជញ្ជូន​ និង​កែច្នៃ​សំណល់​សំរាម​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ហ៊ុន​ច្រើន​ ចូលមក​ ប្រកួតនិងសូមឲ្យជួយជម្រុញបន្ថែមដល់រដ្ឋបាល ក្រុង​ ស្រុក​ឲ្យ​មាន​ការ​ទុក​ដាក់​ សំណល់​រឹង​ រាវ​ ជា​ពិសេស​
សំរាម​នៅ​តាម​ភូមិ​ ឃុំ​ ដោយ​ឲ្យ​មាន​សោភ័ណភាព​ល្អ​ប្រសើរ​។ លោកក៏បានស្នើដល់រដ្ឋបាលថ្នាក់ខេត្ត ជួយ​សម្របសម្រួល​ ដល់​ថ្នាក់​មូលដ្ឋាន​ក្រោម​ឱវាទ​ និង​មន្ទីរ​អង្គភាព​តាម​វិស័យ​ផ្សេងៗ​នៅ​ពេល​មន្ត្រី​ មន្ទីរ​ចុះបំពេញ​បេសកកម្ម​ក្នុង​មូលដ្ឋាន​ ​ផងដែរ​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ពិធី​នេះ​ គឺបានប្រកាស​ទទួល​ស្គាល់​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ចំនួន​៨រូប​ ក្នុង​នោះ​មាន​ អនុប្រធាន​២រូប​ ប្រធាន​ការិយាល័យ​២រូប​ និង​អនុប្រធាន​ការិយាល័យ​៤រូប​ផងដែរ៕SRP