ខេត្តកំពង់ចាម៖លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងមន្ត្រីជំនាញក្រសួងធនធានទឹក រួមជាមួយកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះកំណត់ព្រំប្រទល់តំបន់មេទឹកកណ្តៀង ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ដោយប្រើគ្រឿងចក្រexcavator ចំនួន២គ្រឿងចក្រ កាយប្រឡាយប្រវែង៣២២២ម៉ែត្រ សម្រាប់ប្រយោជន៍ដល់សហគមន៍ទាំងមូល បន្ទាប់ពីមានការទន្រ្ទានយកដីក្នុងតំបន់នេះ ។
គួររំលឹកផងដែរថា ក្នុងកិច្ចប្រជុំត្រួតពិនិត្យបណ្ដឹង របស់ប្រជាពលរដ្ឋ នៅតំបន់ មេទឹកកណ្តៀងនេះ ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញចំណាត់ការ ដើម្បីគ្រប់គ្រងតំបន់មេទឹកកណ្ដៀង ទុកជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ស្រោចស្រពផលដំណាំ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការសំខាន់ៗ ដោយបង្កើតគណៈកម្មការ គ្រប់គ្រងទន្លេ ថ្នាក់ខេត្ត និងពន្លឿន ការវាស់វែង ដើម្បីឈានទៅដល់ការកំណត់ព្រុំ ដោយមាននិយាមការ ច្បាស់លាស់ ក្នុងការចុះបញ្ជីមេទឹកកណ្តៀងជាផ្លូវការ ដើម្បីអភិរក្សតំបន់មេទឹកកណ្តៀងនេះ សម្រាប់បម្រើផលប្រយោជន៍ ដល់សហគមន៍ ដោយគាំទ្រតាមចំណាត់ការ របស់តុលាការ ។
សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានបណ្ដឹង របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហា តំបន់មេទឹកកណ្ដៀងនេះ លោកអ៊ុន ចាន់ដា បានបើកកិច្ចប្រជុំត្រួតពិនិត្យជាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដើម្បីជាប្រយោជន៍ ដល់ប្រជាកសិករ៕SRP