មន្ត្រីថាដាំកូនឈើក្ងោក អមសងខាងផ្លូវ​បេតុងជុំវិញ ប្រាសាទនគរបាជ័យ

ខេត្តកំពង់ចាម៖មន្ត្រី​សាលា​ខេត្ត​បាន​ឲ្យដឹងថា​ គម្រោងសាងសង់ផ្លូវបេតុង មួយខ្សែនេះ គឺប្រើប្រាស់​កញ្ចប់​ថវិកា របស់​រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងការដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ ។ ម្យ៉ាងទៀត ផ្លូវនេះ ក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ដោយ​បច្ចុប្បន្ន ក្រុមហ៊ុនទទួលការបាន​សាងសង់​គម្រោង​នេះ​សម្រេច​ប្រមាណ​ជា​​៩៩%ហើយ​ គឺ​នៅ​ឡើយ​តែចាក់​ដី​បំពេញ​ប្រអប់​សងខាង​ផ្លូវ​តែ​ប៉ុណ្ណោះ​។​
មន្ត្រីបន្តថាអភិបាលខេត្តកំពង់ចាម
បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ ឲ្យ​ត្រៀម​រៀបចំ​កូន​ក្ងោក​​ប្រមាណ​ជា​៤០០ដេីម​ សម្រាប់​ដាំ​នៅ​អម​សងខាង​ផ្លូវ​នោះ​ផងដែរ​។

បើតាមភ្នាក់ងារសៀមរាបប៉ុស្ដិ៍បានឲ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ រួម​ដំណើរ​ជាមួយ​អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃ​ទី​១៧​ ខែកក្កដា​​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញ​ចុះ​ពិនិត្យ​សមិទ្ធផលថ្មី​ស្រឡាង​មួយ​កន្លែង​ គឺការ​ស្ថាបនា​ផ្លូវបេតុង​ ១ខ្សែ​ ដែលមានប្រវែង ១.៧១០ម៉ែត្រនិងទទឹង៦ម៉ែត្រ ព័ទ្ធ​ជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅ​ក្នុង​ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដេីម្បី​ត្រៀម​រៀបចំ​ដាំកូនឈេី​ប្រមាណ​ជា​៤០០ដេីម​ នៅ​អម​សងខាង​ផ្លូវ​នាពេលខាងមុខនេះ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ​មួយ​ខ្សែ​ខាងលេី​នេះ​ដែរ​ លោក​ អ៊ុន​ ចាន់ដា​ ក៏​បាន​ឆ្លៀត​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្បែរ​នោះ​ ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​ និង​ស្នាម​ញញឹម​សប្បាយរីករាយ​ ព្រមទាំង​ជួយ​ទិញ​នូវ​បន្លែ​ត្រី​សាច់​មួយ​ចំនួន​ផងដែរ​៕SRP