ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរា បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលមួយរូប ដែលបានប្រកាសលក់ដីក្នុងតំបន់រមណីយដ្ឋានតាម Facebook ប្រសិនបើមិនបញ្ឈប់សកម្មភាពរបស់ខ្លួន។
តាមរយ:Pageផ្លូវការ របស់អាជ្ញាធរជាតិអប្សរា ដែលបានបង្ហោះកាលពីថ្ងៃទី១៥ខែកក្កដា បញ្ជាក់ថា ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក Choch Choub និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ តាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។
ក្នុងករណី មិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ ម្យ៉ាងទៀត ដេីម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជន ដែលកេីតឡេីងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរ ដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។
បើតាមPageអាជ្ញាធរបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយ ដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារ កម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់នឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕SRP